ផ្ទុះ​ប្រតិកម្ម​ដូច​ព្យុះសង្ឃរា ជុំវិញ​ការ​យក​លុយ​ពី​រថយន្ត​គ្រួសារ​នៅ​បញ្ជរ​បង់ប្រាក់​ផ្លូវ​វេ​ង​ស្រេង

រាជធានី​ភ្នំពេញ ៖ យានយន្ត​គ្រប់​ប្រភេទ​បាន​​កកស្ទះ​ណែនណាន់តាន់តាប់​ តាំងពី​ព្រឹក​ព្រលឹមចាប់ពី​ស្តុ​ប​លូ​៥ ​រហូត​ដល់​បញ្ជរ​បង់​ប្រាក់ ។ អ្វី​ដែល​បង្ក​ឱ្យ​មានការ​កកស្ទះ​យា​ន​យន្ត​នោះ គឺ​ការ​អនុវត្ត​តម្រូវ​ឱ្យ​រថយន្ត​ទេសចរណ៍​តូច (​រថយន្ត​គ្រួសារ​) ត្រូវ​បង់លុយ​ឆ្លង​កាត់​​ក្នុង​តម្លៃ​១១០០​រៀល ។ ការ​តម្រូវ​ឱ្យ​មានការ​បង់​ប្រាក់​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​កន្លង​មក បញ្ជរ​បង់​ប្រាក់​​នេះ យក​លុយ​តែ​រថយន្ត​ធំ​ៗ និង​រថយន្ត​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ ។

មតិ​មហាជន​ដែល​ថ្លែង​ដោយ​ការ​ក្តៅក្រហាយ​ក្នុង​ចិត្ត​នោះ​បាន​និយាយ​ថា ការ​តម្រូវ​ឱ្យ​មានការ​បង់ថ្លៃ​រថយន្ត​ឆ្លងកាត់​នេះ គ្មាន​នរណា​​ម្នាក់ ​បានដឹង​មុន​នោះ តែ​អ្នកលក់​សំបុត្រ​បាន​និយាយ​ថា សាលា​រាជធានី​​បាន​អនុញ្ញាត​ឱ្យ​យក​ចាប់ពី​ថ្ងៃ​ទី​១ ធ្នូ នេះ​តទៅ ។ មតិ​មហាជន​បាន​និយាយ​ថា បញ្ហា​នេះ​កំពុង​ដើរ​បញ្ច្រាសទិស​នយោបាយ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហើយ​ដែល​កន្លង​មកនេះ បញ្ជរ​​បង់ប្រាក់​លើ​កំណាត់​ផ្លូវ​២០០៤ ត្រូវ​បាន​លុប​ចោល​ហើយ បញ្ឈរ​បង់ប្រាក់​នោះ ក៏​គ្មាន​ទៀត​ដែរ ។ សម្រាប់​ផ្លូវ​វេ​ង​ស្រេង (​ផ្លូវ ចោម​ចៅ​) ដែល​ត្រូវ​បាន​ស្ថាបនា​ប៉ុន្មាន​ឆ្នាំ​មក​ហើយ មិន​ទាន់​ចប់​រួចរាល់​នោះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សប្បាយ​ចិត្តជា​ពន់ពេក ហើយ​​បើ​ដឹង​ថា ការ​ស្ថាបនា​ផ្លូវ​នោះ ដើម្បី​យក​លុយ​បែប​នេះ បើ​កុំ​ធ្វើ​ល្អ​ជាង ។

សាធារណ​មតិ​បាន​លើក​ឡើង​ថា ការ​យក​លុយ​ពី​រថយន្ត​គ្រួសារ​ដែល​បើកបរ​ឆ្លងកាត់​នេះ កំពុង​បន្ថែម​បន្ទុក​ធ្ងន់ធ្ងរ​មួយ​ជាន់​ទៀត​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រោះ​អ្នកមាន​លំនៅ​ឋាន​តាម​បណ្តោយ​ផ្លូវ​នេះ បាន​ប្រើប្រាស់​ឆ្លងកាត់​ច្រើន​ដង តើ​ក្នុង​១​ថ្ងៃ​ត្រូវ​បង់លុយ​ឱ្យ​បញ្ជរ​នេះ​រាប់​ពាន់​រៀល​រាល់ថ្ងៃ ឬ​បែប​ណា?

ការ​តម្រូវ​ឱ្យ​បង់លុយ​ដល់​បញ្ជរ​បង់ប្រាក់​លើ​ផ្លូវ​វេ​ង​ស្រេង​នេះ កំពុង​តែ​ធ្វើ​ឱ្យ​នយោបាយ​រាជរដ្ឋាភិបាល ត្រូវ​ប្រឈម​មុខ​នឹង​ការ​រិះគន់​ហើយ តើ​គប្បី​គិតតែ​លុយ ឬ​គប្បី​គិតគូរ​ធ្វើ​ឱ្យ​ជីវភាព​សង្គម​កាន់តែ​ធូរស្រាល​បាន​ទេ ។ សួរ​ថា តើ​ផ្លូវ​វេ​ង​ស្រេង​នេះ ជា​ផ្លូវ​របស់​ក្រុម​ហ៊ុន​ឯកជន ឬ​បែប​ណា?