លោក អ៊ុន សុធា ជា​តួឯក​ក្នុង​ភាពយន្តប្រវត្តិសាស្ត្រ «​ហ្លួង​ព្រះស្តេច​កន​»

រាជធានី​ភ្នំពេញ ៖ អំឡុង​ពេល​ចុង​ក្រោយ​នេះ​លេចឮ​ថា តារា​សម្តែង​លោក​អ៊ុ​ន សុធា ត្រូវ​បាន​ជ្រើសរើស​ជា​តួអង្គ​សំខាន់​ក្នុង​ខ្សែភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​រឿង «​ហ្លួង​ព្រះស្តេច​កន​» ដែល​ល្បី​ថា​នឹង​ចំណាយ​ដើមទុន​ច្រើន ។

ខ្សែភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​ខ្មែរ​រឿង «​ហ្លួង​ព្រះស្តេច​កន​» នឹង​ចាប់ផ្តើម​ផលិត​នៅ​ចុងឆ្នាំ​២០១៥​នេះ វា​ជា​ខ្សែភាពយន្ត​ដំបូង​នៅ​កម្ពុជា ដែល​មានការ​វិនិយោគទុន​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក ជា​ខ្ទង់ចំណាយ​ច្រើន គួរ​ឱ្យ​ចាប់អារម្មណ៍ ។ តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ក្រុមការងារ​ផលិត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តារា​សម្តែង​អ៊ុ​ន សុធា នឹង​ទទួល​បាន​តំណែង​ជា​តួអង្គ​សំខាន់​គឺ​តួ​ស្តេច​កន ។ មាន​តារា​សម្តែង​ក្មេង​ចាស់​ជា​ច្រើន​បាន​ដាក់​ពាក្យ​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​នោះ ប៉ុន្តែ​ចុង​ក្រោយ​លេចឮ​ថា តួអង្គ​ស្តេច​កន​បាន​ទៅ​លើ​លោក​អ៊ុ​ន សុធា ដែល​ធ្លាប់​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​រឿង ។

ក្រុមការងារ​ផលិត​ខ្សែភាពយន្ត​នោះ​លើក​ឡើង​ថា ក្រុម​អ្នកដឹកនាំ​ផលិត​បាន​សម្រេចចិត្ត​ជ្រើសរើស​តួអង្គ សំខាន់​ៗ​រួចរាល់​ហើយ មុន​ពេល​សម្រេចចិត្ត​ចាប់ផ្តើម​ចេញ​ថត​នៅ​ដើមខែ​ធ្នូ​នេះ ដោយ​ទីតាំង​នៃ​ពិធី​ក្រុង​ពលី គឺ​ទឹកដី​ខេត្តសៀមរាប ។ ចំពោះ​ការ​សម្រេចចិត្ត​របស់​ផលិតករ​ជ្រើសរើស​លោក​អ៊ុ​ន សុធា ជា​តួអង្គ​ស្តេច​កន ព្រោះ​លោក​មាន​រាង​កាយ​មាំមួន ពិសេស​មាន​បទ​ពិសោធ​ខ្ពស់​ក្នុង​ការ​សម្តែង ភាពយន្ត ។

ទោះ​ជាយ៉ាង​ណា​ក្តី លោក​អ៊ុ​ន សុធា បញ្ជាក់​ថា លោក​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​លើ​ការ​ទទួល​បាន​តំណែង​ជា​តួអង្គ​សំខាន់​ក្នុង​ភាពយន្ត​រឿង «​ហ្លួង​ព្រះស្តេច​កន​» នោះ ។ កន្លង​មក​មាន​តារា​សម្តែង​ប្រុស​ជា​ច្រើន​បាន​ដាក់​ពាក្យ​ធ្វើតេស្ត ដូចនេះ​លោក​សុធា មិន​ប្រាកដ​ទេ​ថា​បាន​តំណែង​តួអង្គ​ស្តេច​កន ។ ម្យា​៉​ង​លោក​សុធា​មិន​ទាន់​ទទួល​បាន​ដំណឹង​ណាមួយ​ពី​ផលិតករ​នៅឡើយ ។

កន្លង​មក​តារា​សម្តែង​អ៊ុ​ន សុធា ធ្លាប់​ជោគជ័យ​ក្នុង​ការ​សម្តែង​ទាំង​ខ្សែភាពយន្ត​ភាគ និង​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​រឿង ជា​ពិសេស​ចុង​ក្រោយ​នេះ លោក​ទទួល​បានការ​គាំទ្រ​ច្រើន​ចំពោះ​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​ស្បែក​គង់​» ។

កន្លង​មក​លោក​សុធា ធ្លាប់​ចូលរួម​សម្តែង​ខ្សែភាពយន្ត​បែប​បុរាណ​មួយ​ចំនួន​ដូច​ជា​ជា​រឿង «​ព្រះ​ធិ​ន​វង្ស​នាង​ពៅ​» និង​រឿង «​ប៉ី​ស្នេហ៍​នាង​ហង្ស​» ជាដើម ។

មហាជន​នៅ​រង់ចាំ​តាមដាន​បន្ត​ទៀត​ថា​តើ​មាន​តួអង្គ​ល្បីឈ្មោះ​សំខាន់​ណាខ្លះ​ដែល​ចូលរួម​សម្តែង​ក្នុង​រឿង «​ហ្លួង​ព្រះស្តេច​កន​» ៕