កូន​ប្រសា កាប់​ឪពុក​-ម្តាយ​ក្មេក ប្រពន្ធ និង​កូន​ ស្លាប់​នៅស្រុក​ចំការ​លើ

កូន​ប្រសា កាប់​ឪពុក​-ម្តាយ​ក្មេក ប្រពន្ធ និង​កូន​ ស្លាប់​នៅស្រុក​ចំការ​លើ

ខេត្តកំពង់ចាម ៖ ឃាតកម្មដ៏សាហាវមួយនៅស្រុក​ចំការ​លើ ដែលកូនប្រសាប្រុស បាន​កាប់សម្លាប់​ឪពុក-​ម្តាយក្មេក ប្រពន្ធ និង​កូន​ ស្លាប់​ទាំង​៤​នាក់ របួសធ្ងន់​ម្នាក់ យ៉ាង​ព្រៃផ្សៃ​បំផុត កាលពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ  ។

លោក​ឧត្តមសេនីយ៍ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​កាប់សម្លាប់ ឪពុក ម្តាយក្មេក ប្រពន្ធ និង​កូនស្រី ស្លាប់​៤​នាក់ និង​របួសធ្ងន់​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ស្ថិត​នៅ​ភូមិ​ពែង​មាស​ជើង ឃុំ​ស្ពឺ ស្រុក​ចំការលើ មានឈ្មោះ អេ​ង ធី អាយុ​៤៧​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​បង្កហេតុ​រួច​។

លោក​ឧត្តមសេនីយ៍បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ គឺ ១-​ឈ្មោះ ម៉ៅ យាង អាយុ​៦៤​ឆ្នាំ ជា​ម្តាយក្មេក ២-​ឈ្មោះ ចាន់​ធី សុភា​នី អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ ៣-​កូនស្រី​ឈ្មោះ ធី ស៊ា​ង​ហ៊ី អាយុ​៦​ឆ្នាំ និង​៤-​កូនប្រុស​ឈ្មោះ ធី សីហា អាយុ​៤​ឆ្នាំ ចំណែក​ឪពុកក្មេក ឈ្មោះ ស្វាយ សា​ខន អាយុ​៦៩​ឆ្នាំ រង​របួសធ្ងន់​។

តាម​របាយការណ៍​ពី​អធិការ​នគរបាល​ស្រុក​ចំការលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​ដៃដល់​មិនដឹង​ជា​ផឹកស្រា​ស្រវឹង​មកពីណា​ទេ ពេល​មក​ដល់​ផ្ទះ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ តែ​ត្រូវ​ប្រពន្ធ​នាំ​កូន​ទៅ​ផ្ទះ​ឪពុក ម្តាយបង្កើត​ដែល​មាន​របង​ជាប់​គ្នា ខណៈនោះ​ជនសង្ស័យ​ក៏​ប្រមូល​ខោអាវ​ដុត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​។

ឃើញ​ដូចនេះ​ឪពុកក្មេក​បាន​ដងទឹក​ទៅ​ពន្លត់ភ្លើង ភ្លាម​នោះ​ត្រូវ​ជន​ដៃដល់​ទាញ​កាំបិត​កាប់​មក​លើ​ឪពុកក្មេក​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​របួសធ្ងន់​ដួល​សន្លប់​នៅ​នឹង​កន្លែង បន្ទាប់​មក​ជន​ដៃដល់​បាន​បន្ត​ទៅ​ផ្ទះ​ឪពុកក្មេក ហើយ​កាប់​ប្រពន្ធ និង​កូនប្រុស ស្រី​២​នាក់​ទៀត​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង​។

ក្រោយ​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​បាន​យក​កាំបិត​រត់គេច​ខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះជា​ឪពុកក្មេក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ និង​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​។​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម​ខាងលើ​នេះ បណ្តាល​មក​ពី​ជន​បង្ក​ស្រវឹងស្រា​ឈ្លោះ​ជាមួយ​ប្រពន្ធ ៕