ម៉ែន សំអន ៖ អត្រាអ្នកផ្ទុកមេរោគ អេដស៍នៅកម្ពុជា បន្ដធ្លាក់ចុះមកត្រឹម ០,៦% នៅឆ្នាំ២០១៥ ពោលគឺ ករណីឆ្លងថ្មី ក្នុង១ថ្ងៃ មានពីរនាក់

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បានបញ្ជាក់ថា អត្រាអ្នកផ្ទុកមេរោគអេដស៍ នៅកម្ពុជា ដែលធ្លាប់តែរីករាលដាលមេរោគអេដស៍ធ្ងន់ធ្ងរបំផុតនៅឆ្នាំ១៩៩៨ ដោយមានអត្រាអ្នកផ្ទុកមេរោគអេដស៍ ១,៦% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៥ ទៅ ៤៩ ឆ្នាំ គឺនៅឆ្នាំ២០១៥នេះ កម្ពុជាបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានជោគជ័យ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍បន្ដធ្លាក់ចុះមកត្រឹម ០,៦% នៅឆ្នាំ២០១៥នេះ។រាជរដ្ឋាភិបាលលម្ពុជា ប្ដេជ្ញាកាត់ផ្ដាច់ទាំងស្រុងនូវការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូននៅត្រឹមឆ្នាំ២០២០ខាងមុង ។ លោកស្រីបានបញ្ជាក់បែបនេះក្នុងខណៈដែលលោកស្រីចូលរួម ទិវាពិភពលោកប្រយុទ្ធនិងជំងឺ អេដស៍០១ធ្នូឆ្ពោះទៅសម្រេចបាននូវគោល ដៅ៩០,៩០,៩០,នៅសាសន្និសីទចតុមុខ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោកស្រីម៉ែន សំអន បានបញ្ជាក់ថា ៖ទន្ទឹមនឹងភាពជោគជ័យដ៏ធំធេងនេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះថា យើងអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចយើងទេ។ ទោះបីជាករណីឆ្លងថ្មីក្នុងមួយថ្ងៃ បានថយចុះពី ៦៨ នាក់ ក្នុងឆ្នាំ១៩៩៨ មកត្រឹមតែ ២ នាក់ ក្នុងឆ្នាំ២០១៥ នេះ ពិតមែន តែការព្រួយបារម្ភមួយចំនួន នៅមាននៅឡើយ"។អត្រាផ្ទុកមេរោគអេដស៍នៅតែខ្ពស់លើក្រុមប្រឈមបីក្រុម គឺ ក្រុមស្ត្រីធ្វើការកន្លែងសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស/ក្រុមបំលែងភេទ និងក្រុមអ្នកប្រើគ្រឿងញៀន ដែលទាំងបីក្រុមនេះ លើសពី ៥០% គឺជាយុវវ័យ"។ 

លោកស្រីម៉ែន សំអន  បានបន្ដថា កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយ អង្គការសហប្រជាជាតិ ក្នុងការសម្រេចមហិច្ឆតាដ៏ធំធេង នៃការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី តាមរយៈការឆ្ពោះសម្រេចគោលដៅយុទ្ធសាស្ត្រ ៩០-៩០-៩០ នៅឆ្នាំ២០២០។ នេះមានន័យថា ៩០% នៃអ្នកផ្ទុកមេរោគអេដស៍ នឹងដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ៩០% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យឃើញមានផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ប្រកបដោយចីរភាព ៩០%នៃអ្នកទាំងអស់ ដែលបានទទួលការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ នឹងគ្មានវីរុសក្នុងឈាម ហើយជាងនេះទៅ គឺធានាថា គ្មាននរណាម្នាក់ ត្រូវបានទុកចោលដោយមិនទទួលការថែទាំ និងព្យាបាលឡើយ។

លោកស្រី ម៉ែន សំអន. បានបញ្ជាក់ថា គ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវចេះស្វែងយល់ពីការបង្ការមេរោគអេដស៍ និងចេះការពារខ្លួន កុំឲ្យឆ្លងមេរោគនេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជន ត្រូវចងចាំថា ការការពារគឺចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់។ ចំពោះអ្នកដែលសង្ស័យថា ខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ និងអ្នករស់ជាមួយមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅពិនិត្យឈាមរកមេរោគអេដស៍ និងទៅទទួលសេវាថែទាំពីមណ្ឌលសុខភាពឲ្យបានទៀងទាត់ ព្រមទាំងជៀសវាងដាច់ខាត កុំចម្លងទៅអ្នកដទៃ។ ចំពោះស្ត្រីមានផ្ទៃពោះ សូមប្រញាប់រួសរាន់ទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ ដើម្បីទទួលសេវាការពារការចម្លងមេរោគអេដស៍ទៅទារក។

មិនត្រូវមាក់ងាយ អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ជាដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រដល់ក្រុមប្រឈមខ្ពស់ ដើម្បីទទួលបានសេវាសុខភាព សេវាគាំពារសង្គម និងការការ ពារផ្លូវច្បាប់។ សូមបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសយុវជន ត្រូវបន្តចូលរួមប្រយុទ្ធនឹងមេរោគអេដស៍គ្រប់ពេលវេលា ជៀសវាងការប្រព្រឹត្តទាំងឡាយណា ដែលធ្វើឲ្យខ្លួនឯងក្លាយជាអ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍។ ទោះជានៅទីណាក៏ដោយ គឺអ្នកត្រូវចេះជួយអប់រំមិត្តភក្តិឲ្យចេះការពារខ្លួនដូចគ្នា។

លោកស្រីបានរំលឹកថា ប្រទេសកម្ពុជា នឹងចូលរួមជាមួយពិភពលោក ក្នុងការប្រយុទ្ធនឹងការរីករាល ដាលជំងឺអេដស៍ ដែលអាចត្រូវបានបញ្ចប់នូវការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០៣០ រួមទាំងការផ្តល់នូវសុខភាពដ៏ប្រសើរ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់ប្រជាជនកម្ពុជារាប់សែននាក់ ដែលកំពុងចាប់ផ្តើមជីវភាពក្នុងបរិស្ថានមួយមានការអប់រំល្អប្រសើរជាងមុន មានការងារសមរម្យ និងទទួលបានសុខុមាលភាពក្នុងរង្វង់គ្រួសារ និងសហគមន៍ផងដែរ ៕

ម៉ែន សំអន ៖ អត្រាអ្នកផ្ទុកមេរោគ អេដស៍នៅកម្ពុជា បន្ដធ្លាក់ចុះមកត្រឹម ០,៦% នៅឆ្នាំ២០១៥ ពោលគឺ ករណីឆ្លងថ្មី ក្នុង១ថ្ងៃ មានពីរនាក់

ម៉ែន សំអន ៖ អត្រាអ្នកផ្ទុកមេរោគ អេដស៍នៅកម្ពុជា បន្ដធ្លាក់ចុះមកត្រឹម ០,៦% នៅឆ្នាំ២០១៥ ពោលគឺ ករណីឆ្លងថ្មី ក្នុង១ថ្ងៃ មានពីរនាក់