កិច្ចពិភាក្សា ចិន និងអាមេរិក នៅប៉ារីស បង្ហាញពីការប្ដេជ្ញា លើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងមប្រែលបម្រួល អាកាសធាតុ

ប៉ារីស៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលកំពុងមានវត្តមាននៅក្នុងសន្និសីទ ដ៏ធំមួយរបស់ អង្គការសហប្រជាជាតិ ស្ដីពីបញ្ហានៃការប្រែប្រួលអាកាសធាតុ បានជួបពិភាក្សាគ្នាជាមួយ សមភាគី អាមេរិក លោក បារ៉ាក់ អូបាម៉ា លើទំនាក់ ទំនងទ្វេភាគី និងការប្រែប្រួលអាកាសធាតុ របស់ពិភពលោកមួយនេះ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា ថ្នាក់ដឹកនាំ កំពូលរបស់ប្រទេស ទាំងពីរបានធ្វើការពិភាក្សាគ្នាពីវិធានការ ដើម្បីជំរុញទៅមុខនូវចំណងទំនាក់ទំនង ទ្វេភាគី ខណៈដែលកំពូលមេដឹក នាំទាំងពីរ ក៏បានសន្យាប្ដេជ្ញារួមគ្នាផងដែរក្នុងការ បន្ដកិច្ចខិតខំ ប្រឹងប្រែង ជាប្រយោជន៍បង្កើតបាននូវជោគជ័យនៃ កិច្ចចរចាទីក្រុងប៉ារីស។

នៅក្នុងកិច្ចពិភាក្សានោះដែរលោកប្រធានាធិបតីចិន បានថ្លែងទៅកាន់លោក អូបាម៉ា បន្ដទៀតថា វាពិត ជាមានសារៈ សំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសទាំងពីរក្នុងក្លាយខ្លួនជាដៃគូជាមួយនឹងបណ្ដាប្រទេស ដទៃទៀត ប្រយោជន៍ជួយដល់ សន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុក្រុងប៉ារីស ដែលបានចែកចាយ នូវ ក្ដីរំពឹងរបស់ខ្លួន ដោយលោកបានលើកឡើងថា បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាការប្រឈមមុខ ដ៏ធ្ងន់ធ្ងរ មួយសម្រាប់មនុស្សជាតិ។

ដោយឡែកប្រធានាធិបតីអាមេរិកលោក អូបាម៉ា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែង របស់ចិន និងអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ និយាយពីការប្រែប្រួល អាកាសធាតុ គឺសំដៅទៅលើ ការកើនឡើងនៃសីតុណ្ហភាពផែនដី ដែលបណ្តាលមកពីឧស្សាហកម្ម, ការកាប់បំផ្លាញព្រៃឈើ, និង កត្តាមនុស្សជាច្រើនទៀត៕

កិច្ចពិភាក្សា ចិន និងអាមេរិក នៅប៉ារីស បង្ហាញពីការប្ដេជ្ញា លើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងមប្រែលបម្រួល អាកាសធាតុ