សាក្សី៖ ការ​ធ្វើ​ការ​នៅ​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម​មិន​មែន​​ជា​ការងារ​ដោយ​បង្ខំ​ទេ

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ​ហើយ នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា។ សវនាការ​នេះ គឺ​ស្ដាប់​ការ​សួរ​ដេញដោល​របស់​សហ​ព្រះរាជអាជ្ញា​លើ​សាក្សី​មិន​បង្ហាញ​ឈ្មោះ​មួយ​រូប ដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ធ្វើ​ការងារ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ទំនប់​ត្រពាំងថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ។

សាក្សី​មិន​បង្ហាញ​ឈ្មោះ​ពិត ដែល​អង្គ​ជំនុំជម្រះ​កំណត់​ឱ្យ​ប្រើ​លេខ​កូដ​ជំនួស​ថា TCW918 ឆ្លើយ​បញ្ជាក់​នៅ​ក្នុង​សវនាការ​ថា ការ​ធ្វើ​ការងារ​នៅ​ការដ្ឋាន​លើក​ទំនប់​ត្រពាំងថ្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ មិន​មែន​​ជា​ការងារ​ដាក់​កំណត់​ដោយ​បង្ខំ​ទេ៖ «ថ្នាក់​តំបន់ គឺ​តា​វ៉ាល់ និង​តា​ហ៊ឹង មិន​បាន​ដាក់​ផែនការ​កំណត់​ពេល​វេលា​ឱ្យ​បញ្ចប់​ការងារ​ធ្វើ​ទំនប់​អាង​ត្រពាំងថ្ម​ទេ ព្រោះ​អាង​នេះ​ធំ។ អាង​ត្រពាំងថ្ម មិន​មែន​ចាត់​ទុក​ជា​សមរភូមិ​ក្ដៅ​ទេ។ សមរភូមិ​ក្ដៅ​ចាត់​ទុក​តែ​អាង​ទំនប់​កំបោរ​មួយ​ប៉ុណ្ណោះ​ទេ ដែល​ជា​សមរភូមិ​ក្ដៅ ដែល​ឱ្យ​សម្រេច​ឱ្យ​បាន​មុន​ផែនការ»

សាក្សី​រូប​នេះ ដែល​ជា​អតីត​មេ​បញ្ជាការ​សមរភូមិ​ក្នុង​អង្គភាព​ចល័ត​តំបន់​នៅ​អាង​ត្រពាំងថ្ម ជម្រាប​អង្គ​ជំនុំជម្រះ​ប្លែក​ពី​សាក្សី​មុនៗ ដោយ​ថា ការ​វាស់​ដី​ជា​ម៉ែត្រ​គីប​ឱ្យ​ពលករ​លើក​ទំនប់​នៅ​ពេល​នោះ មិន​មែន​ជា​ការ​ដាក់​កំណត់​របស់​អង្គការ​ថ្នាក់​លើ ឬ​គណៈមជ្ឈិម​បក្ស​ទេ៖ «ព្រោះ​ខ្ញុំ​បាន​ទទួល​ការ​ណែនាំ​តែ​ពី​តាវ៉ាល់។ មិន​ដែល​គាត់​និយាយ​ថា មាន​ផែនការ​អ៊ីចេះ​អ៊ីចុះ ពី​មជ្ឈិម​បក្ស​អី គឺ​ខ្ញុំ​មិន​ដែល​បាន​ជួប​ទេ ទើប​នឹង​ឮ​នេះ​ឯង។ ខ្ញុំ​គ្រាន់​តែ​ថា ការងារ​ទាំង​អស់​មិន​អាច​សម្រេច​ត្រឹម​តា​ហ៊ឹង តា​វ៉ាល់ ទេ បើ​មិន​មាន​ពី​ថ្នាក់​លើ។ ខ្ញុំ​គ្រាន់​តែ​និយាយ​អ៊ីចេះ។ បើ​មិន​មាន​ថ្នាក់​លើ អ្នក​ខាង​ក្រោម​មិន​អាច​ធ្វើ​បាន​ទេ។ តែ​ឱ្យ​ផែនការ​ពី​មជ្ឈិម គឺ​ខ្ញុំ​មិន​ដែល​បាន​ឮ មិន​ដែល​ទេ គ្រាន់​តែ​ការ​ស្មាន​របស់​ខ្ញុំ»

រី​ឯ​ការ​កំណត់​ឱ្យ​ពលករ​លើក​ដី និង​បាក់​កម្លាំង​នោះ លោក​បន្ទោស​ទៅ​លើ​មេ​កង​ថ្នាក់​ក្រោម ព្រោះ​តែ​ចង់​យក​ល្អ​ជាមួយ​អង្គការ ដើម្បី​រក្សា​តួនាទី និង​អំណាច​របស់​ខ្លួន។ សាក្សី​រូប​នេះ ក៏​ជម្រាប​អង្គ​ជំនុំជម្រះ​ដែរ​ថា ម្ហូប​អាហារ​របស់​កង​ចល័ត​គ្រប់គ្រាន់ និង​មិន​មាន​ការ​ចាប់​ចង និង​កាប់​សម្លាប់​ទេ ថ្វី​បើ​មាន​និស្សិត​បញ្ញវន្ត​ត្រូវ​បាត់​ខ្លួន។

សាក្សី​មុនៗ ជា​ច្រើន​នាក់​ថ្លែង​ថា ការ​ធ្វើ​ការងារ​នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំងថ្ម ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ មាន​ស្ថានភាព​លំបាក​ខ្លាំង និង​អាហារ​មិន​គ្រប់គ្រាន់។ តាម​សាក្សី​ឱ្យ​ដឹង​ថា មាន​មនុស្ស​ចន្លោះ​ពី ១៥.០០០ ទៅ ២០.០០០​នាក់ ត្រូវ​បាន​អង្គការ​ខ្មែរក្រហម​កេណ្ឌ​ទៅ​ធ្វើ​ទំនប់​អាង​នេះ ចន្លោះ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨។ អ្នក​ធ្វើការ​នៅ​ទី​នោះ​ជា​ច្រើន​នាក់ ត្រូវ​បាន​ចាប់​ខ្លួន និង​សម្លាប់​ចោល។ ទំនប់​នេះ​មាន​បណ្ដោយ ១០​គីឡូម៉ែត្រ និង​ទទឹង ៧ គីឡូម៉ែត្រ កសាង​ឡើង​ដើម្បី​ផលិត​ស្រូវ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា។

ទាក់ទង​នឹង​ការ​មិន​បញ្ចេញ​ឈ្មោះ​សាក្សី​វិញ ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា ជា​ការ​តម្រូវ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដោយសារ​តែ​សាក្សី​នេះ កំពុង​ឋិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត ក្នុង​សំណុំរឿង​ផ្សេង៖ «សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ស្នើ​ឱ្យ​អង្គ​ជម្រះ តម្រូវ​ឱ្យ​ប្រើប្រាស់​រហស្សនាម​សម្រាប់​សាក្សី ឬ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សំណុំរឿង ០០៣ និង ០០៤ ដែល​ផ្ដល់​សក្ខីកម្ម​សំណុំរឿង ០០២ /០២ (002/02)។ សំណើ​នេះ​គ្រាន់​តែ​ជា​វិធានការ​ការពារ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​អនុញ្ញាត​ឱ្យ​អង្គ​ជម្រះ​បន្ត​សវនាការ​ជា​សាធារណៈ ហើយ​មិន​បាន​ដាក់​កំហិត​ដោយ​មិន​ត្រឹមត្រូវ​នូវ​ការ​សួរ​សំណួរ​សាក្សី​ឡើយ។ ដូច្នេះ​អង្គ​ជម្រះ​បង្គាប់​ឱ្យ​ប្រើ​រហស្សនាម​សម្រាប់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​​ទាំង​នេះ»

លោក​ចៅក្រម និល ណុន បញ្ជាក់​បន្ថែម​ថា ការ​ការពារ​មាន​កម្រិត​ត្រឹម​នេះ គឺ​ជា​ការ​ថ្លឹងថ្លែង​មួយ​ដើម្បី​ធានា​កុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ធ្វើ​សវនាការ​ជា​អសាធារណៈ។

សក្ខីកម្ម​របស់​សាក្សី TCW 918នៅ​មិន​ទាន់​ចប់​ទេ ហើយ​សាក្សី​នឹង​ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​បន្ត​ទៀត​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។