ប្រជាពលរដ្ឋ​ហួសចិត្ត​ចំពោះ​ការផ្លាស់ប្តូរ​តំណែង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​

កាលពី​ថ្ងៃរសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​មណ្ឌលគិរី មាន​ពិធី​តែងតាំង​មេ​រដ្ឋបាល​ព្រៃឈើ​ថ្មី​សម្រាប់​ខេត្ត​នេះ ជំនួស​លោក កែប កត់ ដែល​ត្រូវ​ចាកចេញ​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហួសចិត្ត​នោះ គឺ​លោក វង់ សុក្រ​សិរី អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មក​ទទួល​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ហើយ​លោក កែប កត់ អតីត​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​ទៅកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ចំណាត់​ការមិន​ប្រក្រតី​របស់​ក្រសួងកសិកម្ម ដែលមាន​ការផ្លាស់ប្តូរ​តំណែង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់​ខេត្ត តាមរបៀប​លេងសើច​។

មន្ត្រីរាជការ​ខេត្តមណ្ឌលគិរី ដែល​ចូលរួម​ក្នុង​ពិធី​តែងតាំង​លោក វង់ សុក្រ​សិរី ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ បាន​សើចចំអក​នៅពេលដែល​លោក វង់ សុក្រ​សិរី ប្ដេជ្ញាចិត្ត​ការពារ​ព្រៃឈើ​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ់​ព្រៃឈើ ក៏ដូចជា​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ មន្ត្រីរាជការ​ខ្លះ​បាន​រិះគន់ថា​ពេលដែល​លោក វង់ សុក្រ​សិរី កាន់តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គឺ​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​នោះ កើតឡើង​យ៉ាង​ពេញបន្ទុក ដូច្នេះ​នៅពេល​លោក វង់ សុក្រ​សិរី មកកាន់​តំណែង​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី គឺ​បទល្មើស​កើតឡើង​កាន់តែខ្លាំង​ជាមិនខាន​។ ដោយហេតុថា​លោក វង់ សុក្រ​សិរី គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។

ចំណែក​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី ក៏បាន​សម្តែង​នូវ​ការហួសចិត្ត​ផងដែរ នៅពេល​ទទួលបាន​ព័ត៌មាន​ថា លោក កែប កត់ អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​មក​ធ្វើជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី វិញ​។ មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​កំពុង​ផ្លាស់ប្តូរ​ទីកន្លែង​ឲ្យ​លោក វង់ សុក្រ​សិរី និង​លោក កែប កត់ បំផ្លាញ​ព្រៃឈើ​តទៅទៀត ព្រោះ​មន្ត្រី​ទាំង​២​រូបនេះ ល្បី​ខាង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ អាច​និយាយបានថា លោក វង់ សុក្រ​សិរី និង​លោក កែប កត់ អាច​បន្ត​ប្រមូល​ផលប្រយោជន៍​ពីបទ​លើ្ម​ស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​ដដែល ក្នុងខណៈដែល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​៕

that-0803 that-0805