អាជ្ញាធរខេត្ត​បាត់ដំបង មិន​ខ្វល់​ពីបទ​ល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​រុក្ខ​គិរី

​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​តំណាង​ជាង​៣០០​គ្រួសារ​នៅ​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​មុខ​សាលាខេត្ត ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ចប់​ការទន្ទ្រាន​ដីព្រៃ​សហគមន៍​យក​ធ្វើជា​កម្មសិទ្ធិ និង​ត្រូវ​បែងចែក​ដី​មួយចំនួន​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​សម្រាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​គ្នា​ប្រមាណ​២៥០​នាក់​ធ្វើដំណើរ​តាម​ម៉ូតូ​និង​រថយន្តឈ្នួល ដើម្បី​មក​តវ៉ា​នៅមុខ​សាលាខេត្ត ប៉ុន្តែ​ដោយសារ​មាន​សមត្ថកិច្ច​រារាំង​នៅតាម​ផ្លូវ​ទើប​អាច​ប្រមូល​ផ្តុំគ្នា​បាន​ត្រឹម​ជាង​១០០​នាក់​ប៉ុណ្ណោះ​។

​តំណាង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នៅមុខ​សាលាខេត្ត​បាត់ដំបង បាន​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល ជា​អភិបាលខេត្ត ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នៅក្នុង​តំបន់​ព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រី​ប្រដាប់អាវុធ​មួយចំនួន ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ជាដើម​។ តាម​ការអះអាង​ពី​តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​តវ៉ា​ច្រើនលើក​មកហើយ​នៅមុខ​សាលាស្រុក ប៉ុន្តែ​អាជ្ញាធរ​ស្រុក​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​គាស់​ឈូសឆាយ​ព្រៃ​សហគមន៍​ទន្ទ្រាន​យក​ដី​នោះទេ​។ ហេតុនេះហើយ​ទើប​ពួកគាត់​មក​តវ៉ា​ដល់​មុខ​សាលាខេត្ត ដើម្បី​ឲ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ ព្រោះ​អ្នកមាន​លុយ អ្នកមានអំណាច មន្ត្រី​យោធា និង​មន្ត្រីនគរបាល ដែល​ទន្ទ្រាន​យក​ដីព្រៃ​សហគមន៍​ធ្វើជា​កម្មសិទ្ធិ​នោះ មិន​ញញើត​នឹង​អាជ្ញាធរ​ស្រុក​ឡើយ​ព្រោះ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ខ្លះ ក៏​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ដែរ​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​បញ្ហា​នេះ បាន​ឲ្យ​ដឹងថា​ការតវ៉ា​របស់​ប្រជាពលរដ្ឋ គឺជា​រឿង​ត្រឹមត្រូវ​ព្រោះ​ដីព្រៃ​សហគមន៍​ព្រៃ​ត្រឡាច ត្រូវបាន​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រី​ប្រដាប់អាវុធ​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់ ចំណែក​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដីធ្លី​ពិតប្រាកដ​បែរជា​ត្រូវ​អាជ្ញាធរ​ហាមឃាត់​។ តំណាង​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​មុខ​សាលាខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា​សហគមន៍​ព្រៃ​ត្រឡាច​មាន​ផ្ទៃដី​១៣៣២​ហិកតា ហើយ​ក្នុងនោះ​ដីព្រៃ​ប្រមាណ​៥០០​ហិកតា​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ក្រអឺតក្រទម​។ កន្លងមក​អាជ្ញាធរ​ស្រុក​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​សហគមន៍​នោះទេ ហើយ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​តែម្តង​៕

79លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង image