នាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងបំពេញទស្សនកិច្ចនៅឡាវ និងវៀតណាម ចំនួនប្រាំថ្ងៃ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងដឹកនាំប្រតិភូមួយក្រុម បំពេញទស្សនកិច្ចនៅប្រទេសឡាវ និងវៀតណាម ចំនួន៥ថ្ងៃគឺថ្ងៃទី១ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលបានចេញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ដំណើទស្សនកិច្ចរបស់ប្រមុខការពារជាតិរូបនេះ គឺដើម្បីចូល ក្នុងពិធីមហាមិទ្ទិញធ្វើព្យុហយាត្រាអប់អរសាទរខួបលើកទី៤០ នៃទិវាបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ធ្នូ ឆ្នាំ១៩៧៥-២ធ្នូ ឆ្នាំ២០១៥) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែធ្នូ នៃរដ្ឋធានី ប្រទេសឡាវ។ សេចក្តីជូនដំណឹងបានបន្តថា ក្នុងអំឡុងពេលចូលរួមប្រារព្ធពិធីខាងលើនេះ នាយឧត្តមសេនីយ៍ ទៀ បាញ់នឹងចូលជួបសម្តែងការគួរសម ជាមួយនិង លោក Thongsing THAMMAVONG នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ផងដែរ ដើម្បីពិភាក្សាគ្នាមួយចំនួន ស្តីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

ដោយឡែកចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ នាយឧត្តមសេនីយ៍ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧០ (១០ធ្នូ ១៩៤៥ -១០២០១៥)ថ្ងៃប្រពៃណី បង្កើតកងប្រដាប់អាវុធភូមិភាគ៧ កងទ័ពប្រជាជនវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូខាងមុខនេះនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងពិធីនេះនាយឧត្តមសេនីយ៍ ទៀ បាញ់ នឹងបំពាក់គ្រឿងឥស្សរយសជូនដល់ស្ថាប័នអង្គភាព និងនាយទាហានមួយចំនួ ននៃកងឯកភាពភូមិភាគ៧ កងទ័ពប្រជាជវៀតណាម ដែលមានស្នាដៃឆ្នើមលើវិស័យកិច្ចសហប្រតិបត្តិការយោធា តាមរយះការជួយគាំទ្រឧត្ថម្ភ ទាំងស្មារតី និងសម្ភារះព្រមទាំងពង្រឹង ពង្រីកចំណងមិត្តភាព មិត្តភាពល្អប្រសើរ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម នាពេលកន្លងមក៕