១១ខែ ឆ្នាំ២០១៥ សាខាពន្ធដារ ខេត្តព្រះសីហនុ ប្រមូលថវិកាជាង ៣៣ពាន់លានរៀល

ភ្នំពេញ៖ លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៥ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកា នៃការបង់ពន្ធគ្រប់ប្រភេទចំនួន ១៨មុខ ដែលគិតជាទឹកប្រាក់មាន ចំនួន៣៣.២៦៣.៥០៨.៦១១រៀល ស្មើនឹង ១៥៣,៧៤ភាគរយ នៃផែនការប្រចាំឆ្នាំ។

យោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា មុខទំនិញទាំងនោះ មានដូចជា ពន្ធលើអចលនវត្ថុ ចលនទ្រព្យ ពន្ធប្រថាប់ត្រា ពន្ធលើដីធ្លីមិនប្រើប្រាស់ ពន្ធលើយានយន្ត (ឡាន ម៉ូតូ)និងពន្ធផ្សេងៗទៀត ។

លោកបន្តថា ការប្រមូលពន្ធមានការកើនឡើងដោយសារ ការខិតខំប្រឹង ប្រែង របស់មន្ត្រីពន្ធដារ និងមានការចង្អុលបង្ហាញពី លោកអគ្គនាយកពន្ធដារ ក្នុងការកៀរគរ ប្រភពចំណូលពន្ធឱ្យអស់លទ្ធភាព ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ហើយពីមួយឆ្នាំទៅមួយឆ្នាំ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធមានការកើនឡើងជាលំដាប់។

លោកបានអះអាងថា កំណើនពន្ធមានការកើនឡើង ដោយសារតែមន្ត្រីពន្ធដារ បានធ្វើការផ្សព្វផ្សាយជាសាធារណ ជូនដល់ប្រជាពលរដ្ឋ អំពីកាតព្វកិច្ច និងវប្បធម៌បង់ពន្ធ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជីវករ  ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ឱ្យមានការភ្ញាក់រឭកចូលមក បង់ពន្ធមានចំនួនកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនេះជាមោទនភាពមួយ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត៕