កិច្ចប្រជុំ​លើក​ទី២៥និយាយ​ពី​ការអភិរក្ស​អង្គរ​រៀបចំ​ធ្វើ​នៅ​ថ្ងៃស្អែក

សៀមរាប៖ កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី២៥ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី២២ របស់​គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រ​វ​តិ្ត​សាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី-អង្គរ នឹង​បើក​កិច្ចប្រជុំ​របស់ខ្លួន​រយៈ​ពេល២ថ្ងៃ​នៅ​ថ្ងៃស្អែក​នេះ។

ដូច​សព្វដង កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី-អង្គរ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២ ដល់ទី៣ ធ្នូ នៅ​អាជ្ញាធរ​ជាតិ​អប្សរា។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា របៀបវារៈសំខាន់ៗនៅ​លើក​នេះ រួមមាន ការតាមដាន​ការអនុវត្ត​អនុ​សាស្ត្រ​កិច្ចប្រជុំ​លើក​ទី២៤ និង​កិច្ចប្រជុំ​វិសាមញ្ញ​លើក​ទី២១ គណៈកម្មាធិការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី-អង្គរ អំពី​កិច្ចការ​អភិរក្ស ជួសជុល និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ កិច្ចប្រជុំ​នេះ ក៏​នឹង​តាមដាន​រាល់​ការងារ​អភិរក្ស ការស្រាវជ្រាវ​បុរាណវិទ្យា និង​បណ្តុះបណ្តាល និង​ពិនិត្យ​របាយការណ៍ថ្មីៗពី​គម្រោងផ្សេងៗផងដែរ។

កិច្ចប្រជុំ​លើក​នេះ ក៏​នឹង​សម្រេច​ឲ្យ​ដាក់​ដំណើរការ​ក្រម​ប្រតិបត្តិ​អង្គរ ក្នុង​រមណីយដ្ឋាន​អង្គរ​ផងដែរ។ ក្រម​ប្រតិបត្តិ ឫ​ច្បាប់​មួយចំនួន ទៅលើ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​តំបន់​អង្គរ ដូចជា​ការហាម​មិន​ឲ្យ​ថតរូប​អាក្រាត ឫ​ស្លៀក​សំលៀកបំពាក់​ខ្លី​ជាដើម។ល។ ការប្រកាស​ឲ្យ​ប្រើប្រាស់ នឹង​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី៤ ធ្នូ នៅមុខ​ប្រាសាទអង្គរវត្ត ដោយ​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​អង្គរ ធ្វើ​ឡើងជា​ទៀងទាត់​រយៈពេល៦ខែម្តង។ កិច្ចប្រជុំ​នេះ គឺមាន​ការចូលរួម​ផ្ទា​ល់ពី​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​សម្របសម្រួល​ដោយ​សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ​អាយ​ស៊ី​ស៊ី-អង្គរ លោក Yuji Kumamaru អគ្គរាជ​ទូក​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោក Jean-Claude Poimboeuf អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​