នគរបាល​បញ្ជូន ក្មេង​ទំនើង​៣​នាក់ ទៅ​តុលាការខេត្ត

បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥​នេះ  កម្លាំង​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជូន​ក្មេង​ទំនើង​៣​នាក់ ទៅ​តុលាការ ដោយសារតែ​ពួកគេ បាន​យក​ដំបង​ឈើ ដេញ​វ៉ៃ​គ្នា គូបដិបក្ខ តាម​ដងផ្លូវ​សាធារណៈ កាលពី វេលា​ម៉ោងជាង ៧ យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្រះ​បេះដូង ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

​នគរបាល បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ទំនើង​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​នោះ ទី​១.​ឈ្មោះ អ៊ុក​ងួន រ័ត្ន​រុន អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​​ចម្ការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ទី​២.​ឈ្មោះ ជា គឹម លាង អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​ទី​៣.​ឈ្មោះ ភុ​ន ពិសិដ្ឋ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ផ្កាស្លា សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។​

​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាពថា បក្ខពួក​គូរ​ទំនាស់​របស់ខ្លួន បាន​គុំ​គួ​ន​គ្នា​ហើយ ទើបតែ​ពេលនេះ ក៏​នាំគ្នា​ធ្វើ​សកម្មភាព យក​ដំបង​ដេញ​វាយ​គ្នា ហើយ​សមត្ថកិច្ច ដេញចាប់បាន​តែម្តង​។​

​ក្រោយពី​ឃាត់ខ្លួន និង​សាកសួរ​រួច ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន កម្លាំង​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​/S

នគរបាល​បញ្ជូន ក្មេង​ទំនើង​៣​នាក់ ទៅ​តុលាការខេត្ត