ដឹង​សមាសភាព ទេព រិនដារ៉ូ ក្នុង​រឿង”ស្ដេចកន” ហើយ

ដឹង​សមាសភាព ទេព រិនដារ៉ូ ក្នុង​រឿង”ស្ដេចកន” ហើយ

មាន​ព័ត៌មាន​មក​ថា ទេព រិនដារ៉ូ នឹង​ចូលរួម​សម្ដែង​ជា​តួ​ស្ដេច ស្រីសុគន្ធបទ ក្នុង​រឿង​បែប​ប្រវត្តិសាស្ត្រ”ស្ដេចកន” ដឹកនាំ​ដោយ​ឯកឧត្ដម ម៉ៅ អាយុទ្ធ ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​សម្ដែង​ជើងចាស់​រូប​នេះ​បាន​បញ្ជាក់​ថា គ្រប់​យ៉ាង​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​បាន​ចុះ​កុងត្រា​ជា​ផ្លូវ​ការ។ ទេព រិនដារ៉ូ និយាយ​ថា៖” ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា​ទេ ព្រោះ​អត់​ទាន់​ចុះ​កុងត្រា​ផង។ គេ​ថា​យក​ខ្ញុំ ទៅ​មុខ​ទៀត​មិន​ដឹង​យ៉ាង​ម៉េច ប៉ុន្តែ​ឃើញ​គេ​ហៅ​ទៅ​វាស់​ខោ​អាវ​រួច​ហើយ”។

 

ដឹង​សមាសភាព ទេព រិនដារ៉ូ ក្នុង​រឿង”ស្ដេចកន” ហើយ

 

តារា​ល្បី​ឈ្មោះ​រូប​នេះ​បន្ថែម​ថា កន្លង​មក​ធ្លាប់​បាន​ទៅ​ជួប​អ្នក​ដឹក​នាំ​រឿង​ឯកឧត្ដម ម៉ៅ អាយុទ្ធ ចំនួន​ពីរ​លើក​ហើយ ក្រោយ​ដំណាក់​កាល​សាក​ល្បង​សមត្ថភាព​អំឡុង ១ ខែ​មុន។ ម្យ៉ាង​ទៀត រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ទទួល​ខ្លឹម​សារ​រឿង ដែល​ត្រូវ​សម្ដែង​នៅ​ឡើយ ជា​ដើមចម​នាំ​ឱ្យ​តារា​សម្ដែង​វ័យ​ជាង ៥០ ឆ្នាំ​រូប​នេះ ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ពាក់ព័ន្ធ​ទៅ​នឹង​សមាសភាព​របស់​លោក​ក្នុង​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​ខាង​លើ។

 

ទោះ​បី​ជា​មាន​បទ​ពិសោធន៍​​ជាង ២ ទសវត្ស និង​ធ្លាប់​ចូលរួម​សម្ដែង​ភាពយន្ត​បាន​រាប់​រយ​រឿង​យ៉ាង​ណា​ក្ដី ក៏​ប៉ុន្តែ​បុរស​ពោះម៉ាយ​ដដែល​អះអាង​ថា ភាគ​ច្រើន​ជា​រឿង​បែប​សម័យ​ប៉ុណ្ណោះ។ ចំពោះ​ភាពយន្ត​បែប​បុរាណ ឬ​ជា​ប្រវត្តិសាស្ត្រ​ដូច្នេះ គឺ​មាន​ចំនួន​តិចតួច ខណៈ​មិន​សូវ​មាន​ផលិតកម្ម ឬ​អ្នក​ដឹក​នាំ​រឿង​ណា ផលិត​ភាពយន្ត​បែប​នោះ​ឡើយ។

 

ទេព រិនដារ៉ូ មិន​ហ៊ាន​ដាក់​ក្ដី​សង្ឃឹម​ទាំង​ស្រុង​នៅ​ឡើយ​ចំពោះ​ឱកាស​ចូលរួម​សម្ដែង​រឿង”ស្ដេចកន” ដោយ​រង់ចាំ​ទទួល​ព័ត៌មាន​ច្បាស់លាស់​បន្ថែម​ទៀត​ពី​ក្រុម​ការងារ​ផលិត។ ប៉ុន្តែ​ថ្មីៗ​នេះ​លោក​ក៏​បាន​សម្ដែង​នៅ​ក្នុង​រឿង”រាមរាជ តេជោយ៉ត” ចាក់​បញ្ចាំង​នៅ​ទូរទស្សន៍ My TV៕

 

អាន​អត្ថបទ៖  ប្រភព​​ទម្លាយ​មូលហេតុ ម៉ៅ ហាជី ចុះ​កុងត្រាជាមួយ​ផលិតកម្ម​ថោន

អាន​អត្ថបទ៖  សៅ ឧត្តម ទម្លាយ​រឿង​មិន​ចូល​ច្រៀង​​ក្នុង​ផលិត​កម្ម

អត្ថបទ៖ សំ ជំនាញ