សភា​អង់គ្លេស​នឹង​បោះឆ្នោត​រក​សំឡេងគាំទ្រ​ឲ្យ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​នៅ​ស៊ី​រី​

អង់គ្លេស​៖​នាយករដ្ឋមន្ដ្រី​អង់គ្លេស David Cameron កាលពី​ម្សិលមិញ​ប្រកាសថា សភា​អង់គ្លេស​នៅ​ថ្ងៃទី​០២​ធ្នូ​នឹង​បោះឆ្នោត​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។

​ការប្រកាស​របស់លោក Cameron ធ្វើឡើង​បន្ទាប់ពី​គណបក្សប្រឆាំង​អង់គ្លេស​អនុញ្ញាត​ឲ្យ​សមាជិកសភា​របស់ខ្លួន​បោះឆ្នោត​ដោយ​ប្រើ​មនសិការ​បុគ្គល​ល្អ​ជាង​ការព្យាយាម​បង្ខំ​ឲ្យ​ពួកគេ​ប្រឆាំងនឹង​ការប្រើ​ចំណាត់ការ​យោធា​។​

​លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា អង់គ្លេស​ចង់​ឆ្លើយតប​នឹង​ការអំពាវនាវ​ពី​សម្ព័ន្ធ​មិ​ត្ដ ហើយ​ធ្វើការ​ជាមួយ​ពួកគេ ព្រោះថា​ក្រុម​រដ្ឋ​អ៊ីស្លាម​គឺជា​ក្រុម​គំរាមកំហែង​ដល់​អង់គ្លេស ហើយ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​អង់គ្លេស​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ ប្រយុទ្ធ​ជាមួយ​ពួកគេ​។

​លោក Cameron សង្ឃឹមថា នឹង​អាច​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ក្នុង​សភា​ដើម្បី​អនុញ្ញាត​ឲ្យ​អង់គ្លេស​អាច​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​៕

សភា​អង់គ្លេស​នឹង​បោះឆ្នោត​រក​សំឡេងគាំទ្រ​ឲ្យ​ប្រើ​យន្ដហោះ​ទម្លាក់​គ្រាប់​នៅ​ស៊ី​រី​