Impact Hub ​ភ្នំពេញ​និង​សែល​កាត ​សហការ​រៀបចំ​កម្មវិធី «ចំណាប់​ផ្ដើម​សហ​គ្រិន​ភាព​សង្គម​» ជុំ​ទី​បី

Impact Hub ​ភ្នំពេញ​និង​សែល​កាត ​សហការ​រៀបចំ​កម្មវិធី «ចំណាប់​ផ្ដើម​សហ​គ្រិន​ភាព​សង្គម​» ជុំ​ទី​បី

ដើម្បី​ផ្ដល់​ការ​ស្វែង​យល់​អំពី​របៀប​ធ្វើ​អាជីវកម្ម និង​បន្លាស់​ប្តូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ដំណើ​ការ​អាជីវកម្ម​មួយ​ប្រកប​ដោយ​ជោគជ័យ​ វគ្គ​ផ្សព្វផ្សាយ​កម្មវិធី​ ការ​ចាប់​ផ្ដើម​អាជីវកម្ម​ ជុំ​ទី​បី ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងកាល​ពីថ្ងៃ​ទី20-22 ខែ​វិច្ឆិកាកន្លងទៅនេះ​ នៅ​សាកល​វិទ្យា​ល័យ​បាត់ដំបង។
 
Impact Hub ​ភ្នំពេញ​និង​សែល​កាត ​សហការ​រៀបចំ​កម្មវិធី «ចំណាប់​ផ្ដើម​សហ​គ្រិន​ភាព​សង្គម​» ជុំ​ទី​បី
 
គំនិត​ផ្ដួច​ផ្ដើម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កម្មវិធី​សហគ្រិន​ភាព​ចំនួន​ពីរ​ទៀត​ទទួល​បាន​ជោគ​ជ័យ​កន្លង​មក​ក្នុង​ឆ្នាំ​នេះ។ ក្នុង​គោល​បំណង​បំផុស​ការ​យល់​ដឹង និង​លើក​ទឹក​ចិត្ត​ដល់​សហគ្រិន​ភាព​សង្គម ជា​ពិសេស​ពលរដ្ឋ​ខ្មែរ វគ្គ​សិក្ខា​សាលា ស្តី​ពី​ «ចំណាប់​ផ្ដើម​សហ​គ្រិន​ភាព​សង្គម» ​ត្រូវ​បាន​រៀប​ចំ​ផ្ដល់​ជូន​បទ​បង្ហាញ​ជា​ភាសា​ខ្មែរ​ ដើម្បី​ផ្សព្វ​ផ្សាយ និង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ចម្បង​ដល់​សិក្ខាកាម​ខ្មែរ​ទាំង​អស់។
 
គំនិត​ផ្ដួច​ផ្ដើម​នេះ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​សហគ្រិន​ភាព​សង្គម​ក្នុង​ដំណាក់​កាល​អន្តរកម្ម និង​ប្រតិបត្តិ​ទាំង​ប្រាំបួន​ជំហាន។ សិក្ខា​សាលា​នេះ​ជា​កិច្ច​ពិភាក្សា​ជំរុញ​ទឹក​ចិត្ត និង​ការ​ណែនាំ​ពី​សហគ្រិន​ខ្មែរ​ដែល​ទទួល​ជោគ​ជ័យ​លើ​អាជីវកម្ម ដើម្បី​ចែក​រំលែក​បទ​ពិសោធ​ល្អៗ​របស់​ខ្លួន​ដល់​សិក្ខា​កាម​យក​ទៅ​អនុវត្ត​ក្នុង​អាជីវកម្ម​របស់​ខ្លួន។
ក្នុង​អំឡុង​កិច្ច​ពិភាក្សា​យ៉ាង​ផុស​ផុល​រយៈពេល​56​ម៉ោង ក្រុម​សហគ្រាស​សង្គម នឹង​មាន​ការ ជួយ​សម្រប​សម្រួល​ពី​វាគ្មិន​ដែល​មាន​បទពិសោធ បង្ហាញ​ករណី​សិក្សា​ជាក់​លាក់​អំពី​បញ្ហា​អាជីវកម្ម​នៅ​កម្ពុជា និង​ស្ដាប់​យោបល់​ល្អៗ​ពី​សហគ្រិន​ខ្មែរ​មួយ​ចំនួន។
 
សិក្ខាកាម​នឹង​បាន​សិក្សា​ពី​របៀប​កំណត់ និង​ដោះស្រាយ​បញ្ហា​សង្គម ឬ​បរិស្ថាន​ដែល​ប៉ះពាល់​ដល់​សហគមន៍​របស់​ពួក​គេ សិក្សា​ពី​របៀប​បង្កើត​នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព អភិវឌ្ឍ​កែ​លម្អ​សំណើ​គម្រោង និង គំរូ​អាជីវកម្ម​មួយ​រឹង​មាំ ប្រកបដោយ​លក្ខណៈ​ច្នៃប្រឌិត កសាង​ផែនការ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព បង្កើត​ចក្ខុវិស័យ​បំផុសគំនិត និង​បេសកកម្ម ធានា​បាន​នូវ​ភាពវិជ្ជមាន ផល​ប៉ះពាល់​ដែល​អាច​កើនឡើង ហើយ​ជា​ចុង​ក្រោយ​ក្រុម​ពិភាក្សា​នឹង​ធ្វើ​បណ្តាក់ទុន​ដេញថ្លៃ​គម្រោង​ដើម្បី​ក្លាយជា​អ្នក​វិនិយោគ និង​សហគ្រិន​ពិតប្រាកដ​មួយ​។
 
Impact Hub ​ភ្នំពេញ​និង​សែល​កាត ​សហការ​រៀបចំ​កម្មវិធី «ចំណាប់​ផ្ដើម​សហ​គ្រិន​ភាព​សង្គម​» ជុំ​ទី​បី
 
គំនិត​ផ្តួចផ្តើម​ជុំ​ទី​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប កាល​ពី​ខែ​កក្កដា បន្ទាប់​មក​នៅ​ខេត្ត​ព្រះសីហនុ​ ក្នុង​ខែ​តុលា។ សម្រាប់​ជុំ​ទី​បី ក្រុមCamasian បាន​ឈ្នះ​ដោយ​កិត្តិយស​បំផុត​សម្រាប់​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ផែនការ​បើក​មជ្ឈម​ណ្ឌល​សេវា​អប់រំ និង​ថែទាំ​កុមារ​តូច ក្នុង​បំណង​ជួយ​បង្ហាត់​បង្រៀន និង​មើល​ថែទាំ​កុមារ​តូចៗ​ដែល​ឪពុក​ម្ដាយ​ជាប់​រវល់​មមាញឹក​ក្នុង​ការងារ​ផ្សេងៗ។ «យើង​ចង់​ជួយ​មើល​ថែ​ក្មេង​តូចៗ​ដែល​ឪពុក​ម្ដាយ​ពួក​គេ​រវល់​ខ្លាំង​ក្នុង​ការងារ​ផ្សេងៗ» នេះ​បើ​យោង​តាម​សម្ដី​របស់ ផៃ វ៉ាន់យ៉ា សមាជិក​ក្រុម Camasian។ សមាជិក​ក្រុម​រូប​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​សហគ្រិន​ភាព​សង្គម​នេះ យើង​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​របៀប​រៀប​ចំ និង​គ្រប់​គ្រង​ថវិកា​ក្នុង​ដំណើរ​ការ​អាជីវកម្ម​នេះ​ដោយ​ជោគ​ជ័យ»។
 
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​វគ្គ​បណ្ដុះ​បណ្ដាល​សហគ្រិន​សង្គម និង​ព្រឹត្តិការណ៍​បន្ត​បន្ទាប់ សូម​ចូល​ទៅ​កាន់ phnompenh.impacthub.net