ស៊ីផឹក​ស្រវឹង បង្កជម្លោះ​កាប់សម្លាប់​មិត្តភក្តិ​

Sanofi

បុរស​ដៃដល់​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បាន ក្រោយពី​រូបគេ​បាន​ប្រើ​កាំបិត​ត្នោត​មួយ​ទៅធ្វើ​សកម្មភាព​ចាក់ទៅលើ​បុរស​ចំនួន ៣ នាក់ ដែល​ផឹកស៊ី​ជាមួយគ្នា បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់បាត់​បង់ជីវិត និង ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​នៅពេលដែល​មានទំនាស់​ពាក្យសម្តី​នៅក្នុង​វង់​ផឹកស៊ី​កាលពី​យប់នោះ ។ ការឃាត់ខ្លួន​បុរស​ជនដៃដល់​នេះដែរ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៩ និង ៤៥ នាទី ព្រឹក​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ផ្ទះសំណាក់​ដែលមាន​យីហោ «​ម្លិះ​លាភ​» ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជា​ជនដៃដល់​មានឈ្មោះ មាស សុធី ហៅ រិទ្ធី អាយុ ៣០ ឆ្នាំ មានមុខរ​បរជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​បន្ទប់​ផ្ទះជួល​លេខ A18 ផ្លូវលំ ភូមិ​ទួល​រកា ១ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង ត្រូវបាន​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​រូបគេ​បាន​ចាក់​សម្លាប់​បុរស​ម្នាក់ និង បុរស​ចំនួន ២ នាក់​ទៀត រងរបួស​ធ្ងន់​កាលពី​យប់នោះ ។

បុរសរងគ្រោះ​ទាំង ៣ នាក់ រួមមាន ទី​១-​ឈ្មោះ ទូច សំអាង អាយុ ២៤ ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត​នៅពេលដែល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ទី​២-​ទូច សំអុល អាយុ ៣៥ ឆ្នាំ រងរបួស​ធ្ងន់ និង ទី​៣-​ឈ្មោះ ហ៊ីង មករា អាយុ ២៤ ឆ្នាំ ពួកគេ​ជា​កម្មករ​រោងចក្រ​ដូចគ្នា និង ស្នាក់នៅ​បន្ទប់​ផ្ទះជួល​ក្បែរៗ​គ្នា ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្តទៀតថា កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់ ថ្ងៃទី ២៣ ខែវិច្ឆិកា ពួកគេ​ទាំង ៤ នាក់ បាននាំគ្នា​អង្គុយ​ផឹកស៊ី​នៅក្នុង​បន្ទប់​ជួល​របស់​បុរស​ជា​ជនដៃដល់ លុះ​ក្រោយមក​ពួកគេ​ក៏មាន​សភាព​ស្រវឹង​រៀងៗ​ខ្លួន ក៏បង្ក​ជា​ទំនាស់​ពាក្យសម្តី​កើតឡើង ពេលនោះ​បុរស​ជា​ជនដៃដល់​ក៏បាន​ស្ទុះ​រត់​ទៅយក​កាំបិត​ត្នោត​របស់ខ្លួន​ចាក់​សន្ធាប់​ទៅលើ​ជនរងគ្រោះ​ទាំង ៣ នាក់បណ្តាលឱ្យ​រងរបួស​ធ្ងន់ហើយ​ភ្លាមនោះ​រូបគេ​ក៏​រត់​គេចខ្លួនបាត់ ។​

លុះ​ព្រឹក​ឡើង​ទើប​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌមានជ័យ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បុរស​ជា​ជនដៃដល់​ខាងលើ ដែល​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​បុរស​ចំនួន ២ នាក់​ទៀត រងរបួស​ធ្ងន់​នៅក្នុង​វង់​ផឹកស៊ី​កាលពី​យប់នោះ ដើម្បី​យកទៅ​ធ្វើការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត ៕ ភ្នាក់ងារ​ភ្នំពេញ (​ប្រភពពី TV5)

Related