កម្មកររោងចក្រ ហ្គ្រេតអននើរ ជាង១០០នាក់ ដាក់ញត្តិ សុំអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តី និងក្រសួងការងារ

ភ្នំពេញ៖ កម្មករ-កម្មការិនី ប្រមាណជាង១០០នាក់ ដែលបម្រើការងារ នៅរោងចក្រកាត់ដេរ ហ្គ្រេតអននើរ ស្ថិតនៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង០៩និង២៥នាទី ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥  បាននាំគ្នាដាក់ញត្តិនៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងក្រសួងការងារ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ ពន្លឿនការដោះស្រាយបញ្ហា ដែលពួកគេបានជួបប្រទះ។

រោងចក្រនេះ បានជួបបញ្ហាដោយសារថៅកែព្យួរការងារ រយៈពេលពីរខែមកហើយ ហើយរោងចក្របានប្តូរឈ្មោះ វីននើរ ទៅជា ឈ្មោះ ហ្គ្រេតអននើរវិញ ដែលជាហេតុនាំឲ្យក្រុមកម្មករ ទាមទារឲ្យក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួលជូនកម្មករ និយោជិតឲ្យស្របតាមច្បាប់ការងារ ។

បន្ទាប់ពីដាក់ញត្តិ នៅក្រសួងការងាររួច ក្រុមកម្មករបានបន្តទៅដាក់ញត្តិ នៅខុទ្ធកាល័យសម្តេចតេជោ ដើម្បីស្នើសុំការអន្តរាគមន៍ ពីសម្តេចផងដែរ។ កូដកម្មខាងលើដឹកនាំ ដោយសហជីពចំនួនពីរ គឺសហជីពកម្មករកម្ពុជារបស់លោក សោម អូន និងសហជីពយុវជនខ្មែរ របស់លោក យឺង ឈុន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ភាគីកម្មករ និង នាយកក្រុមហ៊ុន ធ្លាប់បានប្រជុំដោះស្រាយបញ្ហានេះម្តងរួចហើយ ប៉ុន្តែមិនទទួលបានដំណោះស្រាយនៅឡើយ៕

កម្មកររោងចក្រ ហ្គ្រេតអននើរ ជាង១០០នាក់ ដាក់ញត្តិ សុំអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តី និងក្រសួងការងារ

កម្មកររោងចក្រ ហ្គ្រេតអននើរ ជាង១០០នាក់ ដាក់ញត្តិ សុំអន្តរាគមន៍ ពីនាយករដ្ឋមន្រ្តី និងក្រសួងការងារ