លោក កឹម សុខា ស្កាត់​ទៅ​ជួប​លោក សម រង្ស៊ី នៅ​ហ្វីលីពីន ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី

រូបលោក សម រង្ស៊ី និងលោក កឹម សុខា នៅប្រទេសនាពេលកន្លងមកលោក កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី២៩ វិច្ឆិកា ទៅ​ជួប​លោក សម រង្ស៊ី ដើម្បី​ពិភាក្សាគ្នា​ពី​យុទ្ធសាស្ត្រ​នយោបាយ និង​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា។ការចាកចេញ​ទៅ​ក្រៅប្រទេស​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក​បាន​វិលត្រឡប់​កម្ពុជា​វិញ​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា​កន្លងមក។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា លោក កឹម សុខា នឹង​ជួប​លោក សម រង្ស៊ី នៅ​ប្រទេស​ហ្វីលីពីន ឬក៏​នៅ​ថៃ ដើម្បី​ពិគ្រោះ​យោបល់​គ្នា​ពី​ស្ថានភាព​នយោបាយ និង​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​បក្ស ក្នុង​ការរក​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំងពីរ។

បន្ថែម​ពីលើ​នេះ​អ្នកនាំពាក្យ​មួយរូប​ទៀត លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹងថា ការ​ចេញទៅ​ក្រៅប្រទេស​របស់លោក កឹម សុខា ពេលនេះ ក៏​ដើម្បី​រក​អន្តរាគមន៍​នានា​ពី​បរទេស ជំរុញ​ឲ្យ​មាន​ដំ​ណោះស្រាយ​នយោបាយ ដែល​កំពុងមាន​ភាពចលាចល​ដូចជា ការប្រើ​អំពើហិង្សា​វាយ​លើ​តំណាងរាស្ត្រ ការ​តាម​ចាប់ខ្លួន និង​ដក​អភ័យឯកសិទ្ធិ​លោក សម រង្ស៊ី និង​ការដក​តួនាទី​លោក កឹម សុខា ជាដើម។

តែ​យ៉ាងណា​អ្នកនាំពាក្យ​ទាំង​ពីររូបនេះ មិនទាន់​អាច​បញ្ជាក់ថា លោក កឹម សុខា និង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នោះទេ។

កាលពី​ថ្ងៃទី២៤ វិច្ឆិកា លោក កឹម សុខា បាន​បញ្ជាក់ថា លោក​ចង់ឃើញ​ស្ថានភាព​នយោបាយ​វិល​ទៅរក​ភាព​ដើម ហើយ​បន្តធ្វើ​ការងារ​រួមគ្នា​ដើម្បី​ជាតិ។ លោក​អះអាងថា នឹង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រកបដោយ​ឆន្ទៈ៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​