​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥ និង​ប្រជុំ​ពេញអង្គ​លើក​ទី​២២

ភ្នំពេញ:
​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥ និង​ប្រជុំ​ពេញអង្គ​លើក​ទី​២២ ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីអំពី​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥ និង​ប្រជុំ​ពេញអង្គ​លើក​ទី​២២ របស់​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ឲ្យ​ដឹងថា
​អាជ្ញាធរ​ជាតិ​អប្សរា​មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាបថា គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥ និង​ប្រជុំ​ពេញអង្គ​លើក​ទី​២២​របស់ខ្លួន នៅ​ថ្ងៃទី​២-៣ ខែធ្នូ ឆ្នាំ​២០១៥ នា​សាលសន្និសីទ​អង្គរ នៅ​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​។

​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា រួម​នឹង​សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ លោក Yuji KUMAMARU អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង លោក Jean-Claude POIMBŒUF អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​៕​