​អាជ្ញាធរ​ជាតិ​អប្សរា និង​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​

ភ្នំពេញ: ​តាមរយៈ​បទពិសោធន៍​លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ជាង​២០​ឆ្នាំ កន្លងមកនេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ក្លាយខ្លួនជា​អ្នកផ្តល់​បទពិសោធន៍​លើ​រាល់​ការងារ​ទាំងនោះ ជូន​ដល់​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស គឺ​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​។​

​ជាក់ស្តែង នៅ​ថ្ងៃទី​២ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​បុរាណវិទ្យា និង​អនុវត្ត​កំណាយ​ស្រាវជ្រាវ​នៅ​តំបន់​កោះ​កេរ​ដល់​និស្សិត​អន្តរជាតិ​ចំនួន​១០​រូប ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួម​នឹង​កម្ពុជា​ផង​។​

​លោក អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល​ល់​ឯកសារ​អង្គរ និង​ជា​អ្នកសម្របសម្រួល​វគ្គប​ណ្តុះ​បណ្តាល​នេះ​បញ្ជាក់ថា និស្សិត​អន្តរជាតិ​ទាំង​១០​រូប​ដែល​នឹង​មក​ទទួល​វគ្គ​បណ្តុះបណ្តាល​រយៈពេល​២០​ថ្ងៃ​នៅ​កម្ពុជា​ពេលនេះ នឹងធ្វើ​កម្មសិក្សា​ទៅកាន់​តំបន់​ប្រាសាទ និង​បុរាណ​ដ្ឋា​ន​ផ្សេងៗ ទាំង​ក្នុង​រមណីយដ្ឋាន​អង្គរ និង​បណ្តា​ខេត្ត​មួយចំនួន​។ និស្សិត​ទាំងអស់​ក៏​នឹង​បាន​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​ស្តីពី​ភូមិសាស្ត្រ​និង​បរិស្ថាន​ទូទៅ​នៃ​តំបន់​អង្គរ អារ្យធម៌​អង្គរ ផែនការ​គ្រប់គ្រង​ទេសចរណ៍ ឧស្សាហកម្ម​កុលាលភាជន៍​សម័យអង្គ​រ ការអភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ការអភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ ការ​គ្រប់ទឹក​ក្នុង​តំបន់​អង្គរ និង​ការគ្រប់គ្រង​តំបន់​អង្គរ​តាមរយៈ​ប្រព័ន្ធ GIS​។​

​ទន្ទឹមនឹងនេះ និស្សិត​ទាំងអស់​នឹង​ចំណាយពេល​៩​ថ្ងៃ​លើ​ការអនុវត្ត​ផ្ទាល់​ជាមួយនឹង​កំណាយ​ស្រាវជ្រាវ​នៅ​តំបន់​កោះ​កេរ ដែល​ដឹកនាំ​ធ្វើ​កំណាយ​ដោយ​អ្នកជំនាញ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា និង​ប្រទេស​សិង្ហ​បុរី ដែល​កំពុង​អនុវត្ត​ការងារ​នៅ​ទីនោះ​៕

​អាជ្ញាធរ​ជាតិ​អប្សរា និង​វិទ្យាស្ថាន​សិក្សា​អាស៊ីអាគ្នេយ៍ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​