ឃាត់ខ្លួន​​​ជន​សង្ស័យ​៣នាក់​​​ពាក់​ព័ន្ធ​ការ​ប្រើប្រាស់​​​គ្រឿងញៀន​​​​នៅ​ក្រុង​ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ ​ជនសង្ស័យ​​៣​នាក់​ដែល​ជា​មុខសញ្ញា​ប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន ​ត្រូវ​​បានសមត្ថកិច្ច​​ឃាត់ខ្លួន​ ខ​ណៈ​កំពុង​ពួន​ជក់​ថ្នាំ​ញៀន​នៅ​ចំណុច​ភ្នំ​ត្រប់​កាលពី​ថ្ងៃ​ទី​៣០​ វិច្ឆិកា​ ​២០១៥ ​កន្លង​ទៅ​នេះ ​ស្ថិត​ក្នុងភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ។

ជនសង្ស័យ​ទាំង​​៣​នាក់ ​មាន ១-ឈ្មោះ​​​ស្មាន រ៉​សាត ​ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ​ជនជាតិ​ខ្មែរអ៊ិស្លាម ២-​ឈ្មោះ​ ឡុ​ង នី ​ភេទ​ស្រី​ អាយុ​២១ឆ្នាំ ទាំង២​នាក់​ រស់នៅ​ភូមិ​ព្រៃ​ឪម៉ាល់​ សង្កាត់​រលាប ​ក្រុង​ពោធិ៍សាត់ និង​៣-​ឈ្មោះ​ ហ៊ឹ​ម មឿ​ន ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​បាក់រទេះ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ។​ ​ចំណែក​វត្ថុ​តាង​​រួម​មាន ប្រដាប់ប្រដា​​សម្រាប់​ជក់  ថង់​​​ច្រកថ្នាំ​ញៀន ស្លាក​លេខ​ម៉ូតូ កូនសោ​ដោះ​ម៉ូតូ ទូរស័ព្ទ ប៉ុន្តែ​ថ្នាំ​ញៀន​ពួក​គេ​បាន​បោះចោល​ក្នុង​ព្រៃ​អស់​ដើម្បី​បំបាត់ភស្តុតាង​នេះ​បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ ។

លោក​វរសេនីយ៍ទោ​ ឈ​ន រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់  ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ​​ភ្នាក់ងារ​បាន​ផ្ដល់​ព័ត៌មាន​មក​ថា​មាន​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម​កំពុង​ពួន​ធ្វើ​សកម្មភាព​ជក់​ និង​ចែកចាយ​ថ្នាំ​ញៀន​នៅ​ក្នុង​ព្រៃ​ម្ដុំ​ភ្នំ​ត្រប់​ ​ភ្លាម​ៗ​នោះ​លោក​បាន​បញ្ជា​ទៅ​កម្លាំង​នគរ​បាល​​ប៉ុស្ដិ៍រដ្ឋបាល​​​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ទៅ​ព័ទ្ធ​ចាប់​បាន​​ជនសង្ស័យ​ទាំង​៣​នាក់​ខាង​លើនេះ​តែ​ម្តង ​។

​ក្រោយ​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​ទាំង​៣​នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​​នៅ​រសៀល​ថ្ងៃ​ទី​៣០​​ វិច្ឆិកា​ ​ដើម្បី​ចាត់ការ​បន្ត ​៕ ​