​បើករថយន្ត​បុក​ក្បាល​របាំង​ថ្ម​បាក់​​រួច​​បើក​រត់​ត្រូវ​សមត្ថកិច្ច​ឃាត់​​ជាប់​

រាជធានី​ភ្នំពេញ ៖ បុរស​ស្រវឹង​ជោក​ជាំ​​ម្នាក់​​​បើករថយន្ត​យ៉ាង​លឿន​រេ​ចង្កូត​ពេញ​ផ្លូវទៅ​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​បាក់​ខូចខាត់​២​កង់ ​រួច​​​ព្យាយាម​បើក​រត់​រហូត​មក​ដល់​ក្បែរហាង​ខារ៉ាអូខេគិ​រី​រម្យ ក៏​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ​ដេញ​ស្ទាក់​ចាប់​បានភ្លាម​ៗ​តែ​ម្តង កាលពី​វេលា​ម៉ោង​១និង​២០​នាទីយប់​ឈាន​ចូល​ថ្ងៃ​ទី​១​ ធ្នូ​ ​២០១៥ តាម​បណ្តោយ​មហាវិថី​លេខ២១៥ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ​។

​មន្ត្រី​​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​​ម៉ាកកូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​​ស្លាក​លេខភ្នំពេញ2S-7981 មួយ​គ្រឿង បើកបរ​ដោយ​បុរស​ស្រវឹង​ម្នាក់​​​ធ្វើ​ដំណើរ​​តាម​បណ្តោយ​មហាវិថី​លេខ២១៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​​​ចំណុច​កើត​ហេតុ​ស្រាប់តែ​រថយន្ត​​រេ​ចង្កូត​ទៅ​បុក​ក្បាលព្រួញ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​បាក់​ខូចខាត​២​កង់ ។ ឃើញ​ដូច​នោះ ​បុរស​ស្រវឹង​ជោក​រូបនេះ​បាន​ព្យាយាម​បើករត់គេច​រហូត​មក​ដល់​ចំណុច​​ក្បែរ​ហាង​​ខារ៉ាអូខេគិ​រី​រម្យ ក៏​ត្រូវ​សមត្ថកិច្ច​​ឃាត់​បាន ភ្លាម​ៗ​ដែរ​ផង​ដែរ ​។

​ក្រោយ​ពេល​កើតហេតុ ប៉ូលិស​​ចុះ​ទៅ​វាស់វែង​ និង​យក​រថយន្ត​បង្ក​​ទៅ​រក្សា​ទុកនៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​​រាជធានី​ភ្នំពេញ ដើម្បី​រង់​​ចាំ​​ដោះស្រាយ​​តាម​នីតិ​វិធី​​ ៕​