ក្រុមហ៊ុន​ក្នុង​តំបន់​អាស៊ី​មាន​កម្រិត​បំណុល​ខ្ពស់​ជាង​មុន កំពុង​មាន​ក្តី​បារម្ភ

ប្រទេស​សិង្ហ​បុរី ៖ បណ្តា​ក្រុមហ៊ុន​ក្នុង​តំបន់​អាស៊ី​បាន​រងបន្ទុក​បណ្តាល​មក​ពី​ការ​ចុះ​ខ្សោយ​ជាង​មុន​នៃ​ចំណូល និង​កំពុង​ប្រឈម​មុខជា​មួយ​ការ​ប្រែប្រួល​នៃ​រូបិយប័ណ្ណ ព្រមទាំង​ទុនខ្សោយ​នៃ​ចក្ខុវិស័យ​សេដ្ឋកិច្ច ដែល​មាន​បារម្ភ​ថា នឹង​មិន​អាច​ទូទាត់​បំណុល​ក្នុង​ពេល​អត្រា​ការ​ប្រាក់​ចាប់ផ្តើម​កើនឡើង ។

អាជ្ញាធរ​រូបិយប័ណ្ណ​សិង្ហ​បុរី (MAS) បាន​កត់សម្គាល់​ក្នុង​ការ​ពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ចុង​ក្រោយ​របស់​ខ្លួន​ថា ៖ «​បណ្តា​ក្រុមហ៊ុន​នៅ​តំបន់​អាស៊ី​បាន​ចាប់ផ្តើម​ជាប់បំណុល​កាន់តែ​ច្រើន ពេល​ដែល​អត្រា​ការ​ប្រាក់​ធ្លាក់​ក្នុង​កម្រិត​ទាប និង​លំហូរ​មូលធន​ខ្លាំង​ចូល​មក​តំបន់​អាស៊ី តាម​រយៈ​វិបត្តិ​ហិរញ្ញវត្ថុ ឆ្នាំ​២០០៨» ។

បំណុល​ក្រុមហ៊ុន​សាជីវកម្ម​ជា​ការ​សមាមាត្រ​នៃ GDP ដែល​ជា​វិធានការ​គន្លឹះ​មួយ​សម្រាប់​កាន់កាប់​បំណុល​សាជីវកម្ម​បាន​កើនឡើង​នៅ​ទូ​ទាំង​ទ្វីបអាស៊ី ។ នៅ​ឆ្នាំ​២០១០ ក្រុម​ហុ​៊​ន​នៅ​សិង្ហ​បុរី​មាន​បំណុល​ទាប​ជាង​កម្រិត GDP ប៉ុន្តែ​កាលពី​ឆ្នាំទៅ ស្មើនឹង​១៤៥% នៃ GDP ។

អាជ្ញាធរ​រូបិយប័ណ្ណ​សិង្ហ​បុរី​បន្ត​ថា កម្លាំង​ជំរុញ​សាជីវកម្ម​ខ្ពស់​ជាង​មុន មិន​គួរ​ត្រូវការ​ចាំបាច់​នោះ​ទេ ជា​ពិសេស ប្រសិនជា​បំណុល​កើនឡើង ការ​ប្រើប្រាស់​ដើម្បី​វិនិយោគ​លើ​ផលិតកម្ម ឬ​ការ​ធ្វើ​រចនាសម្ព័ន្ធ ក៏​ត្រូវ​ប្រើ​ទុន​ច្រើន​ដែរ ។

ទោះជា​យ៉ាងណា បន្ទុក​បំណុល​បាន​កើនឡើង​ខ្ពស់​ជាង​មុន​នេះ បាន​បង្កើន​ហានិភ័យ​នៅ​ពេល​ធ្វើ​និយាម​កម្ម​អត្រា​ការ​ប្រាក់ ឬ​ផែនការ​ចំណូល​របស់​បណ្តា​ក្រុមហ៊ុន​នានា ដែល​មិន​បាន​សម្រេច​តាម​ការ​ទិស​ដៅ​ដូច​ការ​គ្រោងទុក ។

អាជ្ញាធរ​រូបិយប័ណ្ណ​សិង្ហ​បុរី​បាន​សង្កត់ធ្ងន់​លើ​ការ​ធ្វើតេស្ត​តុល្យការ​នៃ​សាជីវកម្ម​ចំនួន​១៩.០០០ នៅ​ទូ​ទាំង​តំបន់​ដែល​រក​ឃើញ​ថា ចុះ​ខ្សោយ​ជាង​មុន និង​អត្រា​ការ​ប្រាក់​កើនឡើង ព្រមទាំង​ថយ​ចុះ​នូវ​ចំណូល បើ​ធៀប​នឹង​ពេល​មុន​កើត​វិបត្តិ​ហិរញ្ញវត្ថុ ឆ្នាំ​២០០៨ ។

ទោះជា​យ៉ាងណា ការ​ធ្វើតេស្ត​បាន​រក​ឃើញ​ថា តុល្យការ​សាជីវកម្ម​អាស៊ី​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ងាយ​នឹង​រង​គ្រោះ​តិច​ជាង​ក្នុងអំឡុងពេល​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី ឆ្នាំ​១៩៩៧ ។

អាជ្ញាធរ​រូបិយប័ណ្ណ​សិង្ហ​បុរី​បន្ត​ទៀត​ថា ការ​ធ្វើតេស្ត​នេះ​បាន​បង្ហាញ​តួលេខ​ថា ក្រុមហ៊ុន​ភាគច្រើន​អាច​ទប់ទល់​នឹង​អត្រា​ការ​ប្រាក់ និង​បញ្ហា​ប្រាក់​ចំណូល​បាន ហើយ​បណ្តា​ក្រុមហ៊ុន​ដែល​មាន​បំណុល​ខ្ពស់ គឺ​ងាយ​នឹង​រង​គ្រោះ​ណាស់ ប្រសិនជា​អត្រា​ការ​ប្រាក់​កើនឡើង ហើយ​ការ​រក​ចំណូល​កាន់តែ​ចុះ​ខ្សោយ​នោះ ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ផ្នែក​អចលនទ្រព្យ ក៏​ជាប់បំណុល​ផង​ដែរ ។

បណ្តា​ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​ពី​រូបិយប័ណ្ណ​បរទេស ក៏​អាច​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នូវ​ហានិភ័យ​ផង​ដែរ ដែល​វា​ងាយ​ប្រែប្រួល​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ ។
ឧទាហរណ៍ ក្រុមហ៊ុន​មួយ​ដែល​រ៉ាប់រង​ការ​ចំណាយ​ជា​ប្រាក់​ដុល្លារ​សិង្ហ​បុរី ប៉ុន្តែ​ចំណូល​ជា​ប្រាក់​រីង​ហ្គិ​ត​ម៉ា​ឡេ​ស៊ី គឺ​អាច​នឹង​ធ្លាក់​ចុះ​ដល់​បាត​ក្រោម​តែ​ម្តង ប្រសិនជា​រូបិយប័ណ្ណ​ម៉ា​ឡេ​ស៊ី​នៅ​តែ​បន្ត​ចុះ​ខ្សោយ​នោះ ។

ឥណទាន​សាជីវកម្ម​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ឥណទាន​ធនាគារ​ភាគច្រើន ។ ធនាគារ​អាស៊ី​នឹង​បញ្ចេញ​នូវ​ហានិភ័យ​នៃ​គុណភាព​ទ្រព្យសកម្ម​ខ្ពស់ ពេល​ដែល​តុល្យការ​ក្រុមហ៊ុន​ចុះ​ខ្សោយ ។

ម្យ៉ាងទៀត ការ​ផ្តល់​ប្រាក់​បម្រុង និង​ឥណទាន​ក្រៅ​ប្រតិបត្តិការ​ខ្ពស់​ជាង​មុន គឺ​អាច​ទូទាត់​ជាមួយនឹង​ចំណូល​ទាប​របស់​បណ្តា​ធនាគារ​នានា ខណៈ​ហានិភ័យ​កើនឡើង​ក្នុង​វិស័យ​សាជីវកម្ម គួរតែ​ជា​គន្លឹះ​នៃ​ប័ណ្ណបំណុល​សាជីវកម្ម​ដែល​បាន​លក់​ចេញ ក៏​ដូច​ជា​ការ​ខាតបង់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ ។ ទោះជា​យ៉ាងណា​ធនាគារ នានា​គួរ​គ្រប់គ្រង​ទៅ​លើ​ហានិភ័យ​ដែល​ដាក់បន្ទុក​លើ​រូបិយប័ណ្ណ​បរទេស និង​អភិវឌ្ឍន៍​ផែនការ​យថាភាព​នៃ​ស​ន្ទ​និ​យ​ភាព ៕​