គាស់​ដើមត្នោត​លក់​ឲ្យ​យួន​ជាការ​បំផ្លាញ​អត្តសញ្ញាណ​ជាតិខ្មែរ​ដោយ​ខ្វះ​ការពិចារណា​

ចាប់តាំងពី​ចុងខែ​វិច្ឆិកា​រហូតមក មានការ​ណី​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដើមត្នោត​និង​គាស់​ដើមត្នោត​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​តំបន់​ព្រំដែន​ចំណុច​ទួល​យាយ​ជរ ភូមិ​បែក​ចាន ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ក្នុងនោះ​មាន​ករណី​ជនល្មើស​លួច​គាស់​ដើមត្នោត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​លក់​ឲ្យ​យួន​ផងដែរ ហើយ​មិនទាន់មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ សកម្មភាព​គាស់​ដើមត្នោត​លក់​ឲ្យ​យួន គឺជា​ការបំផ្លាញ​អត្តសញ្ញាណ​ជាតិ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ដើមត្នោត​ត្រូវបាន​ចាត់ទុកជា​រុក្ខជាតិ​និមិត្តរូប​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៥​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា​ឈ្មួញកណ្ដាល​ទិញ​ដើមត្នោត​ពី​ខ្មែរ​ក្នុង​១​ដើម​តម្លៃ​៤​ម៉ឺន​រៀល ហើយ​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​ក្នុង​១​ដើម​ដែលមាន​ប្រវែង​ពី​៥​ទៅ​៦​ម៉ែត្រ​មានតម្លៃ​២០០​ដុល្លារ​ឬ​៨០​ម៉ឺន​រៀល​។ ប្រភព​បាន​ឲ្យ​ដឹងថា អ្នករត់​ការនាំ​ឈ្មួញ​យួន​ចូលមក​ទិញ​ដើមត្នោត​ពី​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​មន្ត្រី​យោធា​ម្នាក់​ក្នុង​អង្គភាព​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​២០១ ហើយ​មន្ត្រី​យោធា​រូបនេះ បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​១​ដើម​៣០​ដុល្លារ​ពេល​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ មកដល់ពេលនេះ​មាន​ដើមត្នោត​រាប់សិប​ដើម​ត្រូវ​បានគាស់​រំលើង​ដួល​រំលំ​រួចជាស្រេច ប៉ុន្តែ​ឈ្មួញ​មិនទាន់​ឲ្យ​លុយ​ម្ចាស់​ដើមត្នោត​នៅឡើយ​ទេ ហើយក៏​មាន​ករណី​ជនខិលខូច​លួច​គាស់​ដើមត្នោត​ប្រជាពលរដ្ឋ​លក់​ឲ្យ​យួន​ផងដែរ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មន្ត្រី​អាជ្ញាធរ​ស្រុក​រមាសហែក បានដឹង​យ៉ាងច្បាស់​ពី​ករណី​ឈ្មួញ​យួន​ចូលមក​ទិញ​ដើមត្នោត​នៅ​ភូមិ​បែក​ចាន ឃុំ​អង្គ​ប្រស្រែ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​បែរជា​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ បញ្ហា​នេះ​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​សកម្មភាព​គាស់​ដើមត្នោត​លក់​ឲ្យ​យួន​ក្នុងតម្លៃ​ដ៏​ថោក​ត្រឹម​១០​ដុល្លារ​ឬ​៤​ម៉ឺន​រៀល​ក្នុង​១​ដើម ជាការ​បំផ្លាញ​អត្តសញ្ញាណ​ជាតិខ្មែរ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាពិសេស​អាជ្ញាធរខេត្ត​ស្វាយរៀង គួរ​ចាត់វិធានការ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ករណី​នាំ​ឈ្មួញ​យួន​មក​ទិញ​ដើមត្នោត​នៅ​ស្រុក​រមាសហែក​នោះ​ផងដែរ ដើម្បី​កុំ​ឲ្យ​គេ​ធ្វើ​អ្វីៗ​ដោយ​ខ្វះ​ការពិចារណា​តទៅទៀត ព្រោះ​អាចធ្វើ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​ជាតិខ្មែរ​យ៉ាងគំហុក​៕

d891534e-1782-4de4-95f7-20b04186762c 25-11-2015-24 25-11-2015-41