នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក លោក ឈួន សិរី​វ​ឌ្ឍ ជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​

ជនជាតិដើម​ភាគតិច​រស់នៅក្នុង​ស្រុក​កោះ​ញែក ក៏ដូចជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ឡេង ចាន់​មុន្នី កំពុងតែបន្ត​សកម្មភាព​ប្រមូល​ទិញ​ឈើ និង​កៀងគរ​ឲ្យ​បក្ខពួក​របស់ខ្លួន​បញ្ចុះ​បញ្ចូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត​យកមក​លក់​ឲ្យ​ពួកគេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ឡេង ចាន់​មុន្នី គឺជា​អ្នកប្រមូល​ទិញ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​យកមក​ស្តុក​ទុក​ក្នុងភូមិ​អូរ​យ៉េ​ស ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ហើយ​ដឹក​បន្តទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ឆ្លងកាត់​ស្រុក​លំផាត់​និង​ស្រុក​បរ​កែវ ខេត្តរតនគិរី យ៉ាង​រលូន​។​

ជនជាតិដើម​ភាគតិច​រស់នៅក្នុង​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​ក្នុងព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​ក្នុង​មួយថ្ងៃៗ​មាន​ជនល្មើស​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​រាប់រយ​គ្រឿង​អារ​រំលំ​ឈើ​ប្រណីត និង​អារច្រៀក​ដឹកជញ្ជូន​ចេញពី​ព្រៃ​យកទៅលក់​ឲ្យ​ឈ្មោះ ឡេង ចាន់​មុន្នី ដែល​ចាំ​ប្រមូល​ទិញ​ឈើ​នៅក្នុង​ស្រុក​នេះ​។ ការដែល​ឈ្មោះ ឡេង ចាន់​មុន្នី ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ផងដែរ​។ ជាពិសេស​លោក ឈួន សិរី​វ​ឌ្ឍ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ត្រូវគេ​ដឹងថា​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ទៅនឹង​បទល្មើស​ព្រៃឈើ​ក្នុង​មូលដ្ឋាន​ស្រុក​កោះ​ញែក​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ទើប​ឈ្មោះ ឡេង ចាន់​មុន្នី​បង្កើន​សកម្មភាព​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​កាន់តែច្រើន​និង​ប្រមូល​ទិញ​ឈើ​យ៉ាង​គគ្រឹកគគ្រេង​។ ជាក់ស្តែង​ឈ្មោះ ឡេង ចាន់​មុន្នី បាន​ប្រើប្រាស់​រថយន្ត​កែច្នៃ​មិនតិចជាង​១០​គ្រឿងក្នុង​ការដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ដោយ​យកឈ្មោះ​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន មកប្រើប្រាស់​ដើម្បី​បិទបាំង​សកម្មភាព​ខុសច្បាប់​រប​ស់​ខ្លួន​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​បំផុត​៕

unnamed-4 unnamed-3 7535_4