នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ពី​បទ​ឆបោក លក់​ផ្ទះ​ខ្យល់ តាម​ដីកា

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ពី​បទ ឆបោក ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធា​រូប​នោះ​បាន​លក់​ផ្ទះ​១​កន្លែង​នៅ​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​ពី​ត្រូវ​ថ្លៃ​គ្នា​ដើមបណ្ដឹង​បាន​កក់​ប្រាក់​មុន​តាម​ដំណាក់កាល​អស់​ជិត​៤​ម៉ឺន​ដុល្លារ ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​យោធា​រត់ការ​ផ្ទេរកម្មសិទ្ធិ​ទៅ​ដើមបណ្ដឹង និង​បាន​កំណត់​ពេលវេលា​ប្រគល់​ប្រាក់​ទិញ​-​លក់​គ្រប់​ចំនួន ។ លុះ​ពេល​ដល់​ថ្ងៃ​កំណត់ បែរជា​ផ្ទះ​នោះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នក​ដទៃ​វិញ ហើយ​ចុង​បណ្ដឹង​បាន​គេចខ្លួន​បាត់ រហូត​មាន​សាលក្រម​ផ្តន្ទាទោស និង​មាន​ដីកា​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​តាម​អំណាច​សាលក្រម​នោះ​ទៀត​ផង ។

ស្រាល​ក្រម​បាន​ផ្តន្ទាទោស​មន្ត្រី​យោធា​ឈ្មោះ អ៊ុ​ក ទូច ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ សំណង​រដ្ឋប្បវេណី​ចំនួន​៣៧០០០​ដុល្លារ​អា​មេ​រិ​ក និង​សងជំងឺចិត្ត​៥០​លាន​រៀល ៕