បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​មួយ​គ្រឿង បំរុង​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម

ខេត្តមណ្ឌលគិរី ៖ រថយន្ត​កែ​ច្នៃ​ដឹកឈើ​ប្រណីត​១​គ្រឿង ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​០៩ និង​២០​នាទី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ។

ប្រភព​បានឱ្យ​ដឹង​ថា រថយន្ត​កែ​ច្នៃ​ដែល​ដឹកឈើ​ប្រណីត​ខុសច្បាប់​នេះ ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ដឹកឈើ​ប្រណីត​ប្រភេទ​នាងនួន ឡា​ង​ជ្រុង​ចំនួន​៤៣​ដុំ ដោយ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​មក​ដល់​ចំណុច​ខាងលើ ត្រូវ​កម្លាំង​ជំនាញ​សេដ្ឋកិច្ច​ក្រសួង និង​កំលាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​ភ្លាម​ៗ ចំណែក​អ្នកបើកបរ​រថយន្ត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល  ។

បច្ចុប្បន្ន រថយន្ត និង​ឈើ​ប្រណីត​ចំនួន​៤៣​ដុំ ត្រូវ​កំលាំង​នគរបាល ប្រគល់​ទៅ​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិវិធី ។