ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់

ព្រះសីហនុ៖ បុរសជាតិស្វីសម្នាក់ បានស្លាប់ក្នុងផ្ទះជួលរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង រហូតដល់ខាងសមត្ថកិច្ច ចុះមកធ្វើការពិនិត្យពិច័យ។ ហេតុការណ៍បានកើតឡើង នាវេលាម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅជាយក្រុងព្រះសីហនុ នាតំបន់ភ្នំសំបូរ ព្រៃឈើស្រស់បំព្រង ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Schmidlin Markus Gaston ភេទប្រុស កើតថ្ងែទី២០ ខែមករា ឆ្នាំ១៩៥៧ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X2986485 សុពលភាពដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ។

ប្រភពពីស្រ្តីឈ្មោះ Schmidlin Gabriele កើតនៅឆ្នាំ១៩៦៤ ត្រូវជាភរិយាជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធគាត់ បានមកជួលផ្ទះនេះ ស្នាក់នៅអស់រយៈពេល២ឆ្នាំ កន្លងមកហើយ ហើយនៅរយៈពេលចុងក្រោយនេះ ជំងឺរបស់ប្តីគាត់ បានធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លា បើទោះបីជាខិតខំ ព្យាបាលទាំងក្នុងប្រទេស និងក្រៅប្រទេសយ៉ាងណា ក៏មិនបានធូរស្រាលឡើយ រហូតដល់ប្តី របស់បានស្លាប់ នៅព្រឹកថ្ងៃនេះតែម្តង ។

លោកស្រីជាភរិយាក៏បានបញ្ជាក់ឲ្យដឹងដែរថា ដោយស្ថានភាពជំងឺ មិនធូរស្បើយគាត់ក៏បាន ស្នើប្តីរបស់ គាត់ត្រលប់ទៅស្រុកកំណើតវិញដែរ ប៉ុន្តែត្រូវបានប្តីរបស់គាត់បដិសេធ សុំស្លាប់នៅតំបន់ផ្ទះជួលនេះ តែម្តងព្រោះគាត់ស្រលាញ់ធម្មជាតិខៀវស្រងាត់ និងជាទីស្ងប់ស្ងាត់ ដូចនេះគាត់ក៏បានឯកភាពតាម សំណូមពរតាមប្តីរបស់គាត់ ព្រោះជាសិទ្ធិក្នុងការជ្រើសរើស ទីកន្លែងនាទីដង្ហើមចុងក្រោយ របស់ជនជាតិគាត់ ។

លោកវេជ្ជបណ្ឌិត សែជូ សិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ដែលបានចូលរួមធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា សាកសពពិតជាស្លាប់ ដោយសារជម្ងឺរ៉ាំរៃ (រលាកថ្លើម) ពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពត្រូវ ប្រគល់ឲ្យក្រុមគ្រួសារយកទៅបូជានៅ វត្តឥន្ទញាណ ហៅវត្តក្រោម ក្នុងក្រុងព្រះសីហនុ ៕

ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់
ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់
ជនជាតិស្វីស សុខចិត្តស្លាប់ នៅជាយក្រុង ព្រះសីហនុ នាតំបន់ព្រៃភ្នំ ធម្មជាតិ ដ៏ស្ងប់ស្ងាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត