១០ ធ្នូ ពិធី​រត់ប្រណាំង ដើម្បី​បរិស្ថាន​គ្មាន​ពិការ​ភាព

អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំកម្មវិធី​រត់ប្រណាំង​ ដើម្បី​បរិស្ថាន​គ្មាន​ពិការ​ភាព ដើម្បី​អបអរសាទរ​ទិវា​ជន​ពិការ កម្ពុជា​លើក​ទី​១៧ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី​៣៣ ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក វេលា​ម៉ោង ៥និង៣០​នាទី​ ព្រឹកនៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ។

ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ និង​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សង្គម​ស៊ី​វិល​គ្រប់​មជ្ឈដ្ឋាន ដល់​បងប្អូន​ជន​ពិការ​កម្ពុជា ដោយ​គ្មាន​ការ​រើសអើង រួម​ទាំង​ការ​ដាក់​បញ្ចូល​ការងារ​ពិការ​ភាព​ទៅ​ក្នុង​សកម្មភាព​អភិវឌ្ឍ​សង្គម​លើ​គ្រប់​វិស័យ​ ។

ពិធី​នេះ គ្រោង​អញ្ជើញ​ចូលរួម​រត់ប្រណាំង​ពី​សំណាក់​ជន​ពិការ យុវជន សិស្ស និស្សិត មន្ត្រីរាជការ​តាម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ តំណាង​អង្គទូត អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ដៃគូ​អភិវឌ្ឍ សរុប​ចំនួន​ប្រមាណ ១.៥០០​នាក់​ ។