ពេជ្រ ថា​ណា មាន​គម្រោង​វេច​បង្វិចចេញពី សាស្តា ចូល ថោ​ន ?

Sanofi

តារាចម្រៀង​លោក ពេជ្រ ថា​ណា ត្រូវបាន​គេ​ស្គាល់​ថា ជា​តារាចម្រៀង​កំពុង​ឡើង​កូដរបស់​ផលិតកម្ម សាស្តា ព្រោះ​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លងមកនេះ លោក​ត្រូវបាន​ផលិតកម្ម​មួយ​នេះ លើកតម្កើង​ចេញ​បទ​ចម្រៀង​ចំនួន​ជិត ​៣០​ បទ​ឯណោះ ​។​ ​ស្របពេល​ជាមួយគ្នានេះដែរ ពេជ្រ ថា​ណា ក៏​ត្រូវបាន​ទស្សនិកជន​ជាច្រើន​វាយតម្លៃថា លោក​គឺជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម សាស្តា ថែម​ទៀតផង ​។ ប៉ុន្តែ​ការឱ្យ​តម្លៃ​តារាចម្រៀង​រូបនេះ​ស្មើនឹង​គ្រាប់ពេជ្រ​នេះ ស្រាប់តែ​នៅ​ចុងខែ​វិច្ឆិកា​នេះ មាន​ប្រភពព័ត៌មាន​ពី​តារាចម្រៀង​ថ្មី​នៅក្នុង​ផលិតកម្ម សាស្តា បាន​បង្ហើប​ព័ត៌មាន​ប្រាប់ថា តារាចម្រៀង​លោក ពេជ្រ ថា​ណា គ្រោង​វេច​បង្វិច​ចាក​ចេញពី​ផលិតកម្ម សាស្តា ដែល​បាន​លើកតម្កើង​លោក​ទៅហើយ ​។

ប្រភព​ដដែល​នេះ​បាន​បន្តថា បើតាម​ព័ត៌មានដែល​គេ​បានដឹង លោក ពេជ្រ ថា​ណា មាន​គម្រោង​ចូលធ្វើ​កុងត្រា​ថ្មី ជាមួយ​ផលិតកម្ម ថោ​ន ព្រោះ​ផលិតកម្ម ថោ​ន ក៏​ចង់បាន​រូបលោក​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែរ ​។ ម្យ៉ាងទៀត​សព្វថ្ងៃ លោក​ក៏បាន​ចូល​ច្រៀង​នៅក្នុង​មជ្ឈមណ្ឌល​កម្សាន្ត ថោ​ន មាន​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែរ ដូច្នេះ​ទំនាក់ទំនង​រវាង​តារាចម្រៀង​រូបនេះ​ជាមួយ​ផលិតកម្ម ថោ​ន គឺ​ ជិតស្និទ្ធ​បំផុត​ ។​

​ជាមួយគ្នា​នឹង​ការ​បែកធ្លាយ​ព័ត៌មាន​ខាង​លើក​នេះ អ្នកយក​ពត៌មាន​រប​ស់​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការឆ្លើយតប​ពី​តារាចម្រៀង​លោក ពេជ្រ ថា​ណា បានទេ ព្រោះ​ទូរស័ព្ទ​របស់លោក​មិនអាច​ទាក់ទង​បាន​ ។ ដោយឡែក​លោក អ៊ុក សាស្តា ជា​ចាងហ្វាង​ផលិតកម្ម សាស្តា បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា រឿងនេះ​លោក​មិនទាន់​បានដឹង​នៅឡើយ​ទេ ព្រោះ​តារាចម្រៀង​លោក ពេជ្រ ថា​ណា ក៏​មិនបាន​ប្រាប់​លោក​នៅឡើយ ។​

ប៉ុន្តែ​តាម​ការងារ​សព្វថ្ងៃ គឺ ពេជ្រ ថា​ណា នៅតែ​ច្រៀង​ជាធម្មតានៅក្នុង​ផលិតកម្ម សាស្តា គ្រាន់តែ​ផលិតកម្ម មិន​បានធ្វើ​កុងត្រា ចងជើង​លោក​តែប៉ុណ្ណោះ ដូច្នេះហើយចំពោះ​ព័ត៌មានដែលថា គាត់​គ្រោង​ចេញពី សាស្តា ទៅ​ចូល​ថោ​ន នោះ គឺ​លោក​មិនអាច​និយាយ​បានទេ ព្រោះ​មិនទាន់​ដឹង​ពត៌មាន​ច្បាស់ ៕ ប្រមាញ់ តារា​

​  

Related