អគ្គរដ្ឋទូត​ថ្មី​របស់​សហភាព​អឺរ៉ុប សន្យា​ធ្វើការ​ជិតស្និទ​ជាមួយ​រដ្ឋាភិបាល​ភ្នំពេញ​

​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សភាព​អឺរ៉ុប លោក George EDGAR បានប្រគល់​សារតាំង​ជូន​ប្រមុខរដ្ឋស្តីទី​របស់​កម្ពុជា​លោក សាយ ឈុំ នៅ​ព្រឹក​ថ្ងៃទី​១​ធ្នូ​នេះ​។ ការ​ប្រគល់ជូន​សារតាំង​នេះ ត្រូវធ្វើឡើង​ក្នុង​បរិយាកាស​អាប់អួរ​បន្តិច​រវាង​សភា​អឺរ៉ុប និង​កម្ពុជា​។ សភា​អឺរ៉ុប​បាន​ទទូច​ឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា និង​លើ​សកម្មជន​សិទ្ធិមនុស្ស​ជាដើម​។​

​លោក George Edgar មិនមែនជា​អ្នក​មក​ថ្មី​នៅ​កម្ពុជា​ឡើយ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George EDGAR បាន​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០០ ដែល​នៅក្នុង​រយៈពេល​នោះ លោក​បាន​ស្គាល់​ប្រទេស​កម្ពុជា​យ៉ាងច្បាស់​។​

​ឯកអគ្គរដ្ឋទូត Edgar បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​មាន​កិត្តិយស និង​មាន​សេចក្ដី​រីករាយ​ជា​ពន្លឹក​ដែល បាន​ធ្វើជា​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សហភាព​អឺរ៉ុប​គឺជា​ទីដៅ​នាំចេញ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា និង​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​សមធម៌ ជាមួយនឹង​កម្មវិធី​សហប្រតិបត្តិការ​ក្រោម​ការផ្តល់​ជំនួយឥតសំណង​ចំនួន ៤១០ លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ ២០១៤-២០២០​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​បានធ្វើ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា អង្គភាព​ធុរកិច្ច និង​សង្គម​ស៊ីវិល​នៅក្នុង​ឆ្នាំ​ខាងមុខនេះ​»​។

​មុនពេល​ចូលរួម​បម្រើ​ការងារ​ក្នុង​ផ្នែក​កិច្ចការបរទេស ដែលជា​បេសកកម្ម​ការទូត​របស់​សហភាព​អឺរ៉ុប និង​ដែល​បាន​បង្កើតឡើង​ស្របតាម​សន្ធិសញ្ញា​លី​ស​បោ​ន (Lisbon) កាលពី​ខែធ្នូ ឆ្នាំ ២០១០  ឯកអគ្គរដ្ឋទូត Edgar បាន​ធ្វើជា​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​សាធារណរដ្ឋ​អ៊ូ​បេ​គី​ស្ថាន (២០១២-២០១៥) ម៉ា​សេ​ដូ​នី អតីត​សាធារណរដ្ឋ​យូ​ហ្គោ​ស្លា​វី (២០១១-២០០៤) និង​កម្ពុជា​ដូច​បាន​រៀបរាប់​ខាងលើ (១៩៩៧-២០០០)​។​

​លោក George Edgar បាន​រៀបការ និង​មាន​កូនស្រី​ពីរ​នាក់​។ លោក​បាន​សិក្សា​ផ្នែក​គណិតវិទ្យា និង​ទស្សនវិជ្ជា​នៅ​សកល​វិទ្យាល័យ Cambridge ហើយ​បានទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​បរិស្ថាន គោលនយោបាយ និង​សង្គម​ពី​សកល​វិទ្យាល័យ Open៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​