​លោក ស៊ី ជិន​ពីង​៖ ប្រទេស​អ្នកមាន​គួរតែ​ជួយ​ប្រទេស​អ្នកក្រ​តាម​ការសន្យា​របស់ខ្លួន​

​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង កាលពី​ថ្ងៃ​ចន្ទ បានប្រកាស​ស្នើ​ដល់​ក្រុម​ប្រទេស​អ្នកមាន​បំពេញ​ការសន្យា​របស់ខ្លួន​ក្នុងការ​ផ្ដល់​លុយ​ប្រចាំឆ្នាំ​ចំនួន​១០០​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ លោក ស៊ី ជិន​ពីង ស្នើ​ដូច្នេះ​ក្នុងជំនួប​កំពូល​ពិភពលោក​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នៅឯ​ទីក្រុង​ប៉ារីស​។​

​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បានស្នើ​ឲ្យ​បណ្ដា​ប្រទេស​អ្នកមាន​គួរតែមាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​ដោះស្រាយ​ការ​កើន​កម្ដៅ​ពិភពលោក​និង​ជួយ​ប្រទេស​ក្រីក្រ​ដើម្បី​ឲ្យ​ពួកគេ​អាច​សម្រប​ខ្លួន​នឹង​បញ្ហា​នេះ​។ លោក​ថ្លែង​ដូច្នេះ​ទៅកាន់​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​រប​ស់​ប្រទេស​ជិត​១៥០​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២១​ស​ន្និសិទ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ (COP21) ក្នុង​ទីក្រុង​ប៉ារីស​។​

​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​ចិន​ក៏បាន​ទាមទារ​ឲ្យ​ប្រទេស​អ្នកមាន​ធ្វើតាម​ការសន្យា​របស់​ពួកគេ​នាពេល​កន្លងមក​។ លោក​ថា ប្រទេស​អ្នកមាន​គួរតែ​បង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ប្រមូល​លុយ​ឲ្យ​បាន​១០០​ពាន់​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​២០២០ ក៏ដូចជា​ផ្ដល់​ការគាំទ្រ​ឲ្យ​បាន​ពេញទំហឹង​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រទេស​អ្នកក្រ​។ ម្យ៉ាងទៀត លោក​ក៏បាន​លើកឡើង​ដែរ​ថា ប្រទេស​អ្នកមាន​គួរតែ​ផ្ទេរ​បច្ចេកវិទ្យា​ដែលមាន​ផល​ល្អ​ចំពោះ​បរិស្ថាន​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ​ផងដែរ​។​

​កាលពី​កិច្ចប្រជុំ​កំពូល​នៅឯ​ទីក្រុង​កូ​ប៉ិន​ហាក​ក្នុង​ឆ្នាំ​២០០៩ ក្រុម​ប្រទេស​អ្នក​មានបាន​សន្យាថា ខ្លួន​នឹង​ប្រមូល​លុយ​ឲ្យ​បាន​១០០​ពាន់​លាន​ដុល្លារ​ដើម្បី​ផ្ដល់​ឲ្យ​ប្រទេស​ក្រីក្រ​ចាប់ពី​ឆ្នាំ​២០២០​ទៅ ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ដែលជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​មានការ​កើន​កម្ដៅ​ពិភពលោក​។ មួយវិញទៀត ជំនួយ​ហិរញ្ញវត្ថុ​នេះ​នឹ​ជួយ​ដល់​ការ​សម្រប​ខ្លួន​ទៅនឹង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ គ្រោះរាំងស្ងួត​និង​បញ្ហា​ដទៃទៀត​។​

​ប៉ុន្តែ​ប្រាំមួយ​ឆ្នាំ​ក្រោយមក ការសន្យា​នេះ​ហាក់ដូចជា​មិនទាន់បាន​បំពេញ​នៅឡើយ​។ រឿង​ហិរញ្ញវត្ថុ​នៅតែ​ជា​បញ្ហា​រាំងស្ទះ​ដល់​យុទ្ធនាការ​ប្រយុទ្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ ដោយសារតែ​ទាំង​ប្រទេស​អ្នកមាន​និង​ប្រទេស​អ្នកក្រ​បាន​រុញច្រាន​ការទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញទៅមក​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​