​អាជ្ញាធរ​ជាតិ​ព្រះ​វិហាររៀបចំសិក្ខាសាលា​​ស្តី​ពី​ការ​កំណត់​តំបន់​អភិរក្ស​រមណីយដ្ឋាន​​ប្រាសាទព្រះវិហារ

​ខេត្ត​ព្រះវិហារ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ​បាន​រៀប​ចំ​​សិក្ខាសាលា​​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ ស្តី​ពី​ការ​កំណត់​តំបន់រមណីយដ្ឋាន​ប្រាសាទព្រះវិហារ នៅ​ក្នុង​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥​​ ដែល​មានការ​ចូលរួម​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ​​និង​នាយទាហានជាន់ខ្ពស់ មន្ត្រី​នគរបាល​ព្រំដែនឈរជើង​តំបន់​ប្រាសាទព្រះវិហារជា​ច្រើន​រូប ​សរុបប្រមាណ​​១២៥​នាក់ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក គឹ​ម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ក៏​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ប្រជាពលរដ្ឋ ​និង​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ចូលរួម​សហការ​គ្នា ដើម្បីធ្វើការ​អភិរក្ស ​និង​​អភិវឌ្ឍ​តំបន់​ប្រាសាទព្រះវិហារ ព្រោះ​​កន្លង​ទៅ​ក៏​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ពាក់ព័ន្ធ​​ទៅ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រុករាន​ទន្ទ្រាន​ដី​ខុសច្បាប់​ធ្វើ​ជា​កម្មសិទ្ធិ នៅ​ក្នុង​តំបន់​អភិរក្ស​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ តែ​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ ។

​លោក​បន្ត​ថា អាជ្ញាធរ​ជាតិ​ព្រះ​វិហារប្តេជ្ញា​អនុវត្ត ​និង​គោរព​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៨១១/៧៥២ ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១១ ស្តី​ពី​ការ​កំណត់​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​គោលបំណង​រក្សា​បាន​នូវ​តម្លៃ​ជាស​កល​នៃ​បេតិកភណ្ឌ​ពិភពលោក​ប្រាសាទព្រះវិហារ ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​បុរាណ​ ដើម្បីលើក​ស្ទួយ​បន្ថែម​ទៀត​ដល់​ប្រាសាទ ​និង​​រក្សា​បាន​នូវ​គម្របព្រៃឈើ និងធនធានធម្មជាតិ​នៅ​ជុំ​​វិញ​តំបន់​អភិរក្ស ។

​ក្នុង​ឱកាស​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ដែរ លោកឧត្តមសេនីយ៍ឯក ស្រី ​ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ​និង​​ជា​នាយ​រង​សេនាធិការ​ចម្រុះ ក៏​បាន​ប្តេជ្ញា​ចិត្ត សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ​និង​​ការពារ​ឲ្យ​បាន​ដាច់ខាតរាល់​ការ​កាប់​បំផ្លាញ ​និង​​រុករាន​ដី​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស ​និង​​រួម​គ្នា​ថែរក្សា​​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ប្រកបដោយ​ចីរភាព ។

​សូម​បញ្ជាក់​ថា តំបន់​អភិរក្ស​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ មាន​ផ្ទៃដី​ទំហំ៤៨០១៨​ហិ​កតា ចែក​ចេញ​ជា​៤​តំបន់ ​ទី​១-ជា​តំបន់​ប្រាសាទ ​​ទី​២-ជា​តំបន់​អ​ភ​រិ​ក្ស​ឧទ្យាន​បុរាណវិទ្យា ធនធានធម្មជាតិ និង​ទេសភាព​វប្បធម៌ ​​ទី​៣-ជា​តំបន់​អភិវឌ្ឍ​​វិស័យ​សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ ​និង​​ទេសចរណ៍ ​និង​​​ទី​៤-ជា​តំបន់​បំ​ម្រុង​​អភិវឌ្ឍសហគមន៍​ប្រកបដោយ​ចីរភាព ​និង​​ការ​អភិរក្ស​ធនធាន​សេនេទិច​រុក្ខជាតិ ​និង​​សត្វព្រៃ ៕​