តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជំនួយការ​លោក ហុង សុខ​ហួរ និង​អ្នក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក​សម រង្ស៊ី

ភ្នំពេញ: ជំនួយការ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​អ្នក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ចេញ​ដី​បង្គាប់​ឲ្យ​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ការ​បង្ហោះ​សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែន​កម្ពុជា វៀតណាម ឆ្នាំ​១៩៧៩ ក្លែងក្លាយ និង​វីដេអូ​ឃ្លី​ប នៅលើ​ផេ​ក Facebook របស់លោក សម រង្ស៊ី​។​
​    ​
​ជនសង្ស័យ​ដែល​តុលាការ​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​នាពេលនេះ មានឈ្មោះ សម្បត្តិ សត្យា ជា​ជំនួយ​លោក ហុង សុខ​ហួរ និង​ឈ្មោះ អ៊ុង ជុង​លាង អ្នក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី​។ ក៏ប៉ុន្តែ​យុវជន​ទាំងពីរ​នាក់​នេះ បាន​រត់គេចខ្លួន ទៅ​ក្រៅប្រទេស បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន​លោក​ហុង​សុខ​ហួរ កាលពី​ថ្ងៃទី​១៥​សីហា​។​
​    ​
យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដែល​ចេញ​ដោយ​លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​បាន​ចោទប្រកាន់​ជនសង្ស័យ​ទាំងពីរ​នាក់ ពីបទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង  និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ ដែល​ផ្តន្ទាទោស​តាម​មាត្រា​២៩ , មាត្រា​៦២៩ , មាត្រា ៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​
​    ​
​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ លោក​សម រង្ស៊ី ក៏ត្រូវ​បាន​តុលា​ការចេញ​ដីកាកោះ​ឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នា​២០១៥ ខាងមុខនេះ ដើម្បី​សាកសួរ​ពី​រឿង​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥៕​

តុលាការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជំនួយការ​លោក ហុង សុខ​ហួរ និង​អ្នក​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក លោក​សម រង្ស៊ី