ក្លិប​វេស្ទើន​ស្នើ​ដល់ ​FFC ​ផ្ដល់​ដំណឹង​​​បញ្ហា​​ធ្លាក់​ចេញ​ពី​លីក​កំពូល​កម្ពុជា​ឲ្យ​បាន​លឿន​

ក្លិប​វេស្ទើន​ស្នើ​ដល់ ​FFC ​ផ្ដល់​ដំណឹង​​​បញ្ហា​​ធ្លាក់​ចេញ​ពី​លីក​កំពូល​កម្ពុជា​ឲ្យ​បាន​លឿន​

​ក្លិប​បាល់ទាត់ ​វេស្ទើន​​ ដែល​បាន​បញ្ចប់​ទៅ​​ចំណាត់​ថ្នាក់​លេខ ១១ស្ថិត​នៅ​តំបន់​កាត់​ចោល​នៃ​លីក​កំពូល​របស់​កម្ពុជា​បាន​ស្នើ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​(FFC) ផ្ដល់​ដំណឹង​​ថា​តើ​ក្លិប​របស់​ពួក​គាត់​​ធ្លាក់​​ ឬ​​ត្រូវ​ប្រកួត​ Play Off ​ឲ្យ​បាន​លឿន​ដើម្បី​ត្រៀម​រៀប​ចំ​​ក្រុម​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​រដូវ​​កាល​ក្រោយ។

 ក្លិប​វេស្ទើន​ស្នើ​ដល់ ​FFC ​ផ្ដល់​ដំណឹង​​​បញ្ហា​​ធ្លាក់​ចេញ​ពី​លីក​កំពូល​កម្ពុជា​ឲ្យ​បាន​លឿន​ក្រុម​កីឡាករ​ វេស្ទើន​

 

លោក ឡៃ សុធា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប​វេស្ទើន​​បាន​ឲ្យ​ដឹង​ថា មក​ដល់​​ពេល​នេះ​​លោក​រួម​ទាំង​ក្រុម​ការងារ​មិន​ទាន់​ទទួល​ដំណឹង​ថា​​ក្លិប​បាល់​ទាត់​​វេស្ទើន​​ត្រូវ​ធ្លាក់​ចេញ​ពី​លីក​កំពូល​ ឬ​ប្រកួត Play Off នៅ​ឡើយ។ ​ការ​មិន​ផ្ដល់​ដំណឹង​មុន​របស់​សហព័ន្ធ​បែប​នេះ​ អាច​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​រៀប​ចំ​ក្រុម​ឲ្យ​បាន​ល្អ​នៅ​រដូវ​កាល​ក្រោយ​។

 

​អ្នក​ចាត់ការ​រូប​នេះ​​បន្ត​ថា FFC គួរតែ​​ចេញ​គម្រោង​កម្ម​វិធី​ប្រកួត​ ឬ​ផែន​ការ​ឲ្យ​បាន​មុន​យ៉ាង​ហោច​ណាស់​​កន្លះ​ឆ្នាំ ដើម្បី​ឲ្យ​ក្លិប​​បាល់ទាត់​នានា​​អាច​មាន​រយៈ​ពេល​រៀប​ចំ​ក្រុម​ទាល់​ពេល​វេលា​។ ​ការ​ផ្ដល់​ដំណឹង​មុន​បែប​នេះ​អាច​ឲ្យ​ក្រុម​បាល់ទាត់​ទាំងអស់​​​អាច​រៀប​ចំ​​ដើម្បី​រក​ចំណូល​ ឬ​រៀប​ផែន​ការ​របស់​ក្លិប​នីមួយ​ៗ ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​​មាន​ការ​រីក​ចំរើន។

 

​លោក​បន្ថែម​ថា ក្លិប​​មិន​អាច​អង្គុយ​រង់​ចាំ​ពេល​វេលា​មក​ដល់ ​ដើម្បី​ចាប់​ផ្ដើម​ប្រកួត​នោះ​ទេ​គឺ​ត្រូវ​ការ​រៀប​ចំ​ឲ្យ​បាន​មុន​កម្ម​វិធី​ប្រកួត​មកដល់។ ម្យ៉ាងទៀត​ក៏​ដើម្បី​ឲ្យ​ក្លិប​នីមួយ​អាច​មាន​ពេល​វេលា​ស្វែង​រក​អ្នក​ឧបត្ថម្ភ​​​ស្វែង​រក​ចំណូល​វិញ​ដែរ ពី​ព្រោះ​បាល់ទាត់​បើ​គ្មាន​ចំណូល​តើ​ក្លិប​ណា​អាច​ចូល​រួម​បាន​រហូត​នោះ។ ទន្ទឹម នឹង​នោះ​ក្លិប​ក៏​​ទាម​ទារ​​ការ​រៀប​ចំ​​ក្នុង​​ការ​ទាក់​ទាញ​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​​ក្នុង​គោល​បំណង​​ធ្វើ​ឲ្យ​​​អ្នក​ឧបត្ថម្ភ​ចាប់​អារម្មណ៏​​ផង​ដែរ។

 

​ជាមួយ​គ្នា​នោះ​​លោក​ ផាន់ ចាន់​ផាត គ្រូ​ជុំ​នួយ​របស់​គីរីវង់​សុខសែន​ជ័យ​​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រុម​របស់​លោក​ក៏​មិន​ទាន់​ទទួល​បាន​ដំណឹង​ថា​តើ​ត្រូវ​ធ្លាក់​ចេញ​ពី​លីក​កំពូល ឬ​ប្រកួត​ Play Off យ៉ាង​ណា​ទេ។

 

កាល​ពី​ប៉ុន្មាន​ខែ​មុន​លោក សៅ សុខា ប្រមុខ​​ដឹក​នាំ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​​មាន​ប្រសាសន៏​​ចំពោះ​មុខ​កីឡាករ​ និង​អ្នក​សារព័ត៌មាន​នៅ​ពហុកីឡដ្ឋាន​ជាតិ​ថា សហព័ន្ធ​គ្រោង​បង្កើត​លីក​លំដាប់​ទី​​២​​នៅ​កម្ពុជា​ដែល​កីឡាករ​ត្រូវ​មាន​អាយុ​ក្រោម​១៩​ឆ្នាំ​ ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ និង​លេខ​២​នឹង​ឡើង​ទៅ​ជំនួស​​ក្រុម​ដែល​ធ្លាក់​នៅ​លីក​បាល់ទាត់​កំពូល​កម្ពុជា។ ប៉ុន្តែ ដំណឹង​​នេះ​មិន​ទាន់​ចេញ​ដល់​ក្លិប​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។​ ការ​បង្កើត​លីក​លំដាប់​ទី​ពីរ​នេះ​ដោយ​សារ​ក្រសួង​អប់រំ យុវជន និង​កីឡា​លែង​​រៀប​ចំ​​ការ​ប្រកួត​​​បាល់ទាត់​ក្រប​ខណ្ឌ​ក​១​ហើយ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​
រូបថត៖  វេស្ទើន