​ក្រុមហ៊ុន​ដាយ​ថា​ន់ និង​ក្រុមហ៊ុន​ខ្មែរ​អង្គរ​បន្ត​កាប់​ឈើ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​

ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​រាយការណ៍​មក​ថា ក្រុមហ៊ុន​ដាយ​ថា​ន់ និង​ក្រុមហ៊ុន​ខ្មែរ​អង្គរ​បន្ត​កាប់​ឈើ​នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ហើយ​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ខេត្ត​ក៏​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​ហាក់ដូចជា​បាន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ជំនាញ​រួចទៅហើយ ព្រោះ​មួយរយៈ​ចុង​ក្រោយនេះ​ក្រុមហ៊ុន​បាន​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ តែ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។​

ព្រៃ​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា​ត្រូវគេ​ដឹងថា​ជា​តំបន់​ដែល​ក្រុមហ៊ុន​ក្រុមហ៊ុន​ដាយ​ថា​ន់ និង​ក្រុមហ៊ុន​ខ្មែរ​អង្គរ​សម្រុក​កាប់​ឈើ​ដឹក​ចេញ​តាម​រថយន្ត​កែច្នៃ​ក្នុង​មួយថ្ងៃៗ​រាប់សិប​គ្រឿង ហើយ​កម្មករ​ដែល​ចូល​កាប់​ឈើ​ភាគច្រើន​ជា​ជនជាតិ​យួន​។ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បានបញ្ជាក់​ថា​ឈើ​ដែល​ក្រុមហ៊ុន​ដាយ​ថា​ន់ និង​ក្រុមហ៊ុន​ខ្មែរ​អង្គរ​កែច្នៃ​រួច​ភាគច្រើន​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញ​យួន​នៅតាម​ព្រំដែន និង​មួយចំណែក​ទៀត​បាន​ដឹក​យកទៅលក់​នៅក្នុង​ទី​រួម​ខេត្តមណ្ឌលគិរី និង​បណ្តា​ខេត្ត​ជិតខាង​ផ្សេងៗ​ទៀត​ដែលមាន​ដេប៉ូ​ម៉ូយ​ចាំ​ទទួល​ទិញ​។​

​ចំពោះមុខ​បញ្ហា​នេះ លោក អ៊ុំ វណ្ណ​សុ​ភ័​ត្ត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ពេ​ជ្រា​ដា លោក ស្វាយ សុ​វណ្ណា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  និង​លោក សម្រង់ ឌី​វិចិត្រ ជា​មន្ត្រី​គ្រប់គ្រង​ដែន​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី រិះគន់ថា​គ្មាន​សមត្ថភាព​ទ​ប​ស្កាត់​បទល្មើស​ព្រៃឈើ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ដើមឈើ​ត្រូវបាន​កាប់រំលំ​អារច្រៀក និង​ដឹក​ចេញពី​ព្រៃ​ទាំងយប់​ទាំង​ថ្ងៃ ដូច្នេះ​បើ​ពួក​មន្ត្រី​ខាងលើ​សហការគ្នា​បានល្អ និង​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឈ្មួញ​ក៏​មិន​អាចធ្វើ​អាជីវកម្ម​ព្រៃឈើ​ខុសច្បាប់​បានដែរ​៕

030k1 030k2