​​​​រថយន្ត​ដឹក​កម្មករ​​មួយគ្រឿងដាច់រ​ទីល​ធ្លាក់​​ចូល​ស្រែ​ របួស​មនុស្ស​៤៧នាក់

ខេត្តកំពង់ឆ្នាំង ៖ កម្មករ​​រោងចក្រ​ចំនួន​​៤៧​​នាក់​បាន​​រ​ង​​របួសស្រាល ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ ​កាលពី​វេលា​ម៉ោង ០៤ ​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ២០១៥ ស្ថិតនៅ​តាម​បណ្តោយផ្លូវលំ​ ក្រាល​ក្រួស​​ក្រហម ​​ក្នុង​ស្ពានដែក ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​​មាន​ជ័យ ខណៈ​ដែល​​រថយន្ត​ដឹកកម្មករ​​ដាច់​រ​ទីល បណ្តាល​ឱ្យ​​រថយន្ត​​ធ្លាក់​​ស្រែ ។

​លោកដួង ហុង អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​​ជ័យ​បានឱ្យ​​ដឹងថា រថយន្ត​​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1302 បើកបរ​ដោយ​បុរស​ឈ្មោះ​សុ​ន ហុ​ន អាយុ​៣៩​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ធ្លក​វៀន ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ។

មុន​​ពេល​កើតហេតុ រថយន្តខាងលើបាន​ដឹក​កម្មករ​​ចេញពី​រោងចក្រតាម​បណ្តោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ក្នុង​ដំណើរ​​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​គេច​ជាមួយ​​រថយន្ត​ដឹកស្រូវ​មួយ​​គ្រឿង ក្នុង​​ដំណើរ​បញ្ច្រាស​ទិស​គ្នា បណ្តាលឱ្យ​ដាច់​រ​ទីល​រថ​យន្ត​ខាងឆ្វេង​ទាញ​រេធ្លាក់​ផ្លូវ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​​ក្រឡាប់​នោះ​ទេ​ តែ​បាន​ធ្វើ​​ឱ្យ​កម្មករ​ចំនួន​៤៧​នាក់ (​ប្រុស​ម្នាក់​) បាន​រង​ការ​បោក​ទង្គិច​​ក្បាលនិងក្បាល​ ​រង​របួសស្រាល​គ្រប់​ៗ​គ្នា ។

ប្រភព​ដដែល​​បន្តថា ក្រោយ​ពេល​កើតហេតុ កម្មករ​រង​របួស​​ទាំងអស់ ​បាន​ដឹក​មក​​សង្គ្រោះនៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច មួយ​ចំនួន និង​សល់​មួយ​ចំនួន​ទៀតសង្គ្រោះ​នៅ​គ្លី​និ​ក​ឯកជនមួយ​កន្លែង ​ក្នុងស្រុក​កំពង់ត្រឡាច​នេះ​ដែរ ​។ ដោយឡែក អ្នកបើកបរ និង​រថយន្ត​បង្ក ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនកសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ព្រោះ​នេះជា​ការ​ធ្វរស​ប្រ​ហែ​ស​របស់​ម្ចាស់​​រថយន្ត ។