សព​អ្នក​បើក​យន្តហោះ SU-24 រុ​ស្ស៊ី​ត្រូវ​បាញ់​ធ្លាក់​បញ្ជូន​ដល់​ក្រុង​មូ​ស្គូ

ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្សាយ​តាម​អុ​ី​ន​ធើ​រ​ណេ​ត ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា យន្តហោះ​រុ​ស្ស៊ី​ដែល​ដឹក​សព​របស់​អ្នក​បើក​យន្តហោះ​ទម្លាក់​គ្រាប់បែក SU-24 រុ​ស្ស៊ី​បាញ់​ធ្លាក់​ដោយ​កងទ័ពអាកាស​តួ​ក​គី​កាលពី​ស​ប្តា​ហ៍​មុន​បាន​មក​ដល់​ព្រ​លាន​យន្តហោះ CHKALOVSKY តំបន់​ក្រុង​មូ​ស្គូ ហើយ​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឆ​យ​ហ្គូ​រ និង​មេបញ្ជាការ​កងទ័ពអាកាស​រុ​ស្ស៊ី ឧត្តមសេនីយ៍​វិក​ទ័​រ បុ​ន​ដា រ៉េវ បាន​ទៅ​រង់ចាំ​ទទួល​សព​អ្នក​បើក​យន្តហោះ​នេះ​នៅ​ព្រ​លាន​យន្តហោះ ។ យោង​តាម​ឧត្តមសេនីយ៍​បុ​ន​ដា​រ៉េវ​ថា ពួក​អ្នក​ដែល​គ្រោង និង​ប្រព្រឹត្ត​អំពើ​ក្បត់​នេះ​សម​នឹង​ត្រូវ​ទទួល ទោស ។

អ្នក​បើក​យន្តហោះ​រូប​នេះ វរសេនីយ៍ទោ​អូ​ឡេ​ក ប៉េ​ស្កូវ ទទួល​ងា​រប​ច្ឆា​មរណៈ​ជា​វីរបុរស​នៃ​សហព័ន្ធ​រុ​ស្ស៊ី ។

កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា​ដែរ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​ធុន SU-34 ដែល​ដាក់​ពង្រាយ ដើម្បី​វាយប្រហារ​បណ្តា​ទីតាំង​របស់​ពួក​ភេរវ​ករ​នៅ​ស៊ី​រី ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​នូវ​មី​ស៊ី​ល​អាកាស​-​អាកាស​ក្នុង​ពេល​បំពេញបេសកកម្ម ។

លោក​អុ​ី​ហ្គ័​រ គ្លី​ប៉ូវ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​ថា បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក SU-34 ហោះហើរ​លើក​ដំបូង​បំពេញបេសកកម្ម​ពុំ​ត្រឹមតែ​ជាមួយ​គ្រាប់បែក​ធុន OFAB-500 និង​គ្រាប់បែក​អាកាស​ទូរបញ្ជា KAB-500 ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ជាមួយ​មី​ស៊ី​ល​អាកាស​-​អាកាស​ផង​ដែរ ។ មី​ស៊ី​ល​ទាំងនេះ​បំពាក់​ឧបករណ៍​ដែល​អាច​ចាប់​គោលដៅ ហើយ​អាច​វាយប្រហារ​បណ្តា​គោលដៅ​លើ​អាកាស​ក្នុង​ចម្ងាយ​ជិត​៦០​គីឡូម៉ែត្រ ។

បន្ទាប់​ពី​យន្តហោះ SU-24 ត្រូវ​បាញ់​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា មក រុ​ស្ស៊ី​បាន​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​ប្រឆាំង​ពួក​ឧទ្ទាម​គាំទ្រ ដោយ​តួ​ក​គី​នៅ​ភាគ​ខាងជើង​ស៊ី​រី និង​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី​ដែល​សំដៅ​ជា​ពិសេស​លើ​ក្បួន​រថយន្ត​ពួក​ឧទ្ទាម​ដែល​បើក​ចេញពី​តួ​ក​គី កាត់​តំបន់​ព្រំដែន​ស៊ី​រី​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ក្នុង​ខេត្ត​អា​ឡែ​ប​ភាគ​ខាងជើង​ប្រទេស ៕