ស្លាប់​24​នាក់​ក្នុង​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​អ៊ូ​ហ្គ​ង់​ដា​នៅ​ភាគ​ខាងកើត​កុង​ហ្គោ

មនុស្ស​យ៉ាងតិច​២៤​នាក់ ក្នុង​នោះ​មាន​អ្នក​វាយប្រហារ​១២​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៣០ វិច្ឆិកា ក្នុង​ការ​វាយប្រហារ​ថ្មី​មួយ​របស់​ពួក​ឧទ្ទាម​អ៊ូ​ហ្គ​ង់​ដា ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​សម្ព័ន្ធមិត្ត ADF និង​ការ​ប្រយុទ្ធ​គ្នា​ដែល​កើត​មាននៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ។

វរសេនីយ៍ឯក FELIX PROSPER BASSE អ្នកនាំពាក្យ​របស់​បេសកកម្ម អ​.​ស​.​ប នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ MONUSCO ថ្លែងប្រាប់ AFP ថា យើង​បាត់បង់​ទាហាន​មួក​ខៀវ​ម្នាក់ ហើយ​ទាហាន​កុង​ហ្គោ​៤​នាក់ ក៏​ត្រូវ​ស្លាប់​ដែរ ។ អ្នក​ស្លាប់​ក្រៅពី​នេះ​មាន​ពួក​ឧទ្ទាម ADF ១២​នាក់ និង​ជន​ស៊ី​វិល​៧​នាក់ ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងជើង​ខេត្ត គី​វូ​ខាងជើង ។

ចំណែក​សាក្សី​ម្នាក់​អះអាង​ថា បានឃើញ​ជន​ស៊ី​វិល​៤​នាក់​ត្រូវ​សម្លាប់​ដោយ​គ្រាប់កាំភ្លើង ហើយ​អ្នកជម្ងឺ​៧​នាក់ និង​គិលានុប្បដ្ឋាយិកា​ម្នាក់​ត្រូវ​កាប់សម្លាប់​ដោយ​ដាវ​ក្នុង​មន្ទីរពេទ្យ ។ មាន​សេចក្តីរាយការណ៍​ខ្លះ​និយាយ​ថា ចំនួន​អ្នក​ស្លាប់មាន​ដល់​៣០​នាក់ ក្នុង​នោះ​មាន​ពួក​ឧទ្ទាម​ADF ១៤​នាក់ ជន​ស៊ី​វិល​៧​នាក់ ទាហាន​កុង​ហ្គោ​៨​នាក់ និង​ទាហាន​មួយ​ខៀវ​ម្នាក់ ៕