ជួប​គ្នា​កំពូល​ស្តី​ពី​បរិយាកាស​អំពាវនាវ​ជា​ឯកច្ឆ័ន្ទ​ឱ្យ​ជួយ​សង្គ្រោះ​ភព​ផែនដី

ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ពិភពលោក​ទាំងមូល កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា បាន​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​ជា​បន្ទាន់​ប្រឆាំងការ​កើន​កំ​ដៅ​បរិយាកាស ក៏​ប៉ុន្តែ​ក្នុង​ការ​ជួប​គ្នា​កំពូល​ដ៏​ធំ​នេះ​រៀបចំ​ដោយ អ​.​ស​.​ប នៅ​ក្រុងប៉ារីស​នា​ថ្ងៃ​ដំបូង​នៃ​សន្និសីទ​អំពី​បរិយាកាស​មាន​លេច​យ៉ាង​ឆាប់រហ័ស​នូវ​ការ​ខ្វែងគំនិត​គ្នា​រវាង​បណ្តា​ប្រទេស​ខាងជើង និង​បណ្តា​ប្រទេស​ខាងត្បូង ។

ពេល​បើក​កិច្ចប្រជុំ​កំពូល​ដ៏​ធំ​នេះ ដើម្បី​ជួយ​សង្គ្រោះ​ភព​ផែនដី មេដឹកនាំ​ចំនួន​១៥០​រូប ក្នុង​នោះ​មាន​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា លោក​ស៊ី ជី​ន​ពីង លោក​ស៊ី​ន​ហ្សូ អា​បេ លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ជាដើម​បាន​ធ្វើការ​ស្មឹង​ស្មាធិ​រយៈពេល​១​នាទី ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយ​ការ​វាយប្រហារ​ភេរវកម្ម​នា​ពេល​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​នៅ​បារាំង​ផង ។

លើ​វេទិកា​នៃ​សន្និសីទ​ដែល​ប្រព្រឹត្ត​ទៅ​នៅ BOURGET ខាងជើង​ក្រុងប៉ារីស ប្រធានាធិបតី​បារាំង លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ គូសបញ្ជាក់​ថា ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម និង​ការ​តស៊ូ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​បរិយាកាស​គឺជា​ការ​ប្រឈម​ពិភពលោក​ធំ​២ ដែល​យើង​ត្រូវ​ពុះពារ ។ លោក​បន្ត​ថា សន្និសីទ  ៉​២​អង្សា​សេ LA COP21 ៉ ជា​ក្តី​សង្ឃឹម​យ៉ាង​ធំ ដែល​យើង​ពុំ​ត្រូវ​ឱ្យ​មានការ​ខកចិត្ត​ឡើយ ។

សន្និសីទ​នេះ​មាន​បំណង​ឱ្យ​សម្រេច​បាន​នា​ថ្ងៃ​ទី​១១ ធ្នូ នូវ​កិច្ចព្រមព្រៀង​ជា​សាកល​លើក​ដំបូង ដែល​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដើម្បី​កម្រិត​ការ​កើន​កំ​ដៅ​បរិយាកាស​ត្រឹម​២​អង្សា​សេ បើ​ប្រៀបធៀប​ទៅ​នឹង​សករាជ​មុន​ឧស្សាហកម្ម ។

លោក​អូ​បា​ម៉ា ជា​មេដឹកនាំ​នៃ​ប្រទេស​ដែល​បំពុលបរិយាកាស​ពិភពលោក​ធំ​ទី​២ បន្ទាប់​ពី​ចិន បាន​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ឱ្យ​គិតគូរ​ខ្លាំង​ដល់​ការ​កើន​កំ​ដៅ​បរិយាកាស ដោយ​បដិសេធ​ការ​អះអាង​ដែល​ថា ការ​តស៊ូ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​បរិយាកាស​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​សេដ្ឋកិច្ច ។ លោក​មាន​ប្រសាសន៍​ថា យើង​យល់​ថា ពុំ​មាន​ជម្លោះ​រវាង​កំណើនសេដ្ឋកិច្ច​ខ្លាំង និង​កិច្ចការពារបរិស្ថាន​ឡើយ ។

ការ​ចរចា​គ្នា​មាន​ភាព​តានតឹង ព្រោះ​គ្រប់​ប្រទេស​សុទ្ធតែ​មាន​ខ្សែបន្ទាត់​ក្រហម​របស់​ខ្លួន ហើយ​ការ​ខ្វែងគំនិត​គ្នា​ក៏​លេចឡើង​យ៉ាង​ឆាប់រហ័ស ពិសេស​លើ​ការ​បែងចែក​ការ​ទទួលខុសត្រូវ​រវាង​បណ្តា​ប្រទេស​ឧស្សាហកម្ម បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ហក់​ឡើង និង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។

ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ថ្លែង​ថា បណ្តា​ប្រទេស​ជឿនលឿន​ត្រូវ​បំពេញ​ការ​សន្យា​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​នយោបាយ​បរិយាកាស​របស់​បណ្តា​ប្រទេស​ខាងត្បូង ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី ជា​ប្រទេស​គន្លឹះ​មួយទៀត នៃ​ការ​ចរចា យល់​ថា សហគមន៍​អន្តរជាតិ​ត្រូវ​លៃ​ទុក​ច្រក​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​ពុំ​អាច​ចាប់បង្ខំ​ប្រទេស​ទាំងនេះ​ឱ្យ​ឈប់​ប្រើ​ថាមពល​មិន​ស្អាត​ដូច​ជា​ធ្យូងថ្ម ឬ​ប្រេងកាត​ឡើយ ។

សន្និសីទ​នេះ​ញ៉ាំង​ឱ្យ​មានការ​ប្រកាស​ពី​ថាមពលបៃតង់​ដោយ​សហរដ្ឋអាមេរិក បារាំង ហើយ​ប្រទេស​១៨​ទៀត សន្យា​បង្កើន​ទ្វេ​ដង​នូវ​វិនិយោគ​ក្នុង​ថាមពល​ស្អាត ហើយ​ប្រទេស​១២១ ស្ថិត​ក្នុង​តំបន់​មាន​ពន្លឺព្រះអាទិត្យ​ខ្លាំង​ទាំងឡាយ​នៃ​ពិភពលោក​បាន​លើក​ពី​សម្ព័ន្ធភាព​អន្តរជាតិ​នៃ​ពន្លឺព្រះអាទិត្យ​» ISA មួយ ៕