រដ្ឋា​ភិបាល​ចំណាយ​លុយ​ជិត​៤​លាន​ដុល្លារ​ ទិញថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​សម្រាប់​៣​ឆ្នាំ​ ខណៈ​មាន​អ្នក​ឆ្លង​២​នាក់​ក្នុង​១​ថ្ងៃ​

នៅក្នុង​ឆ្នាំ​២០១៥​នេះ ​អត្រា​អ្នក​ឆ្លង​មេរោគ​នៅ​កម្ពុជា​មាន​ចំនួន​២​នាក់​ក្នុង​១​ថ្ងៃ​។ ចំនួននេះ​មាន​ការ​ថយ​ចុះ​ខ្លាំង​ ប្រៀប​ធៀប​នឹង​ឆ្នាំ ​១៩៩៥ ​ដែល​មាន​ ៦៨​នាក់​ក្នុង​មួយ​ថ្ងៃ​។ តួរលេខ​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឱកាស​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​នៅ​ថ្ងៃ​ទី​ ១​ ធ្នូ​ ឆ្នាំ​២០១៥​នេះ ​នៅ​ឯ​សាល​សន្និសីទ​ចតុមុខ ​ក្រោម​ប្រធាន​បទ​ «ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​៩០-​៩០​-​៩០​» ​។ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស ​ក្នុង​ឱកាស​នេះ​ដែរ​ថា ​ខ្លួន​បាន​ចូលរួម​ផ្តល់​ថវិកា​ទិញ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ជិត​៤​លាន​ដុល្លា ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​។