ស្ត្រី​ម្នាក់​និង​កូនស្រី​អាយុ​៨​ខែ បាត់​ពី​ផ្ទះ​មិនដឹង​មូលហេតុ​

ស្វាយរៀង: ស្ត្រី​ម្នាក់​និង​កូនស្រី​អាយុ​៨​ខែ បាន​បាត់​ពី​ផ្ទះ​កាលពី​ថ្ងៃទី​២១ វិច្ឆិកា ២០១៥ ដោយមិនដឹង​មូលហេតុ ខណៈ​ប្ដី​និង​ឪពុក​ទៅធ្វើ​ការ លុះ​ត្រឡប់មកផ្ទះ​វិញ ក៏មិនឃើញ​រហូតមកដល់​ថ្ងៃទី​១ ធ្នូ ២០១៥ នេះ ។​

​បើតាម​ឪពុក​ឈ្មោះ​ប៊ូ ចិន អាយុ​៤៨​ឆ្នាំ បម្រើការ​ជា​យោធា​ឋានៈ​អនុសេនីយ៍ត្រី​នៃ​ផ្នែកសឹក​រង​ក្រុង​ស្វាយរៀង មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀង ក្រុងស្វាយរៀង បាន​ប្រាប់​ឱ្យដឹងថា កូនស្រី​ដែល​បាត់​ខ្លួន​ឈ្មោះ​ប៊ូ ចរិយា អាយុ​២៣​ឆ្នាំនិង​ចៅស្រី​ឈ្មោះ គឿន ចិន​លី​ណា អាយុ​៨​ខែ ដោយមាន​ប្ដី​ឈ្មោះ​រស់ គីម​ឆៃ អាយុ២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​ក្រុង​បាវិត ។​

​ប្រភព​ដដែល​បន្តថា កូនស្រី​របស់គាត់​រៀប​ការ​ជាមួយ​កូនប្រសា​ប្រុស​ប្រមាណ​ជា​៤ទៅ​៥​ឆ្នាំ​មកហើយ ទើបតែ​មានកូន​ស្រី​អាយុ​៨​ខែ​ប៉ុណ្ណោះ ដោយ​រស់នៅ​ជាមួយគ្នាមិនដែល​មានទំនាស់​ពាក្យសម្តី​គ្នា​នោះទេ ទើប​ជាង​៣​ខែ​មុន គឺមាន​ភាពរកាំរកូស​ពាក្យសម្តី​បន្តិចបន្តួច រួច​ក៏ត្រូវ​គ្នា​វិញ​ដូច​ធម្មតា ។​

​ប៉ុន្តែ​ស្រាប់តែ​នៅ​ថ្ងៃទី​២១ វិច្ឆិកា ២០១៥ កូនស្រី​និង​ចៅ​បាន​បាត់​ចេញពីផ្ទះ​មិនដឹងថាកូនស្រី​ទៅ​ទីកន្លែង​ណា​នោះទេ ដោយ​ទូរស័ព្ទ​តេ​មិន​ចូល​សោះ​
ហើយក៏​បានដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឱ្យជួយ​ស្វែងរក​ផងដែរ ។​

​ប្រភព​បន្តថា​រូបគាត់​ជា​ឪពុក​និង​កូនប្រសារ សូម​ឲ្យ​កូនស្រី​វិល​មក​ផ្ទះ​វិញ ព្រោះ​គាត់នៅតែ​ម្នាក់ឯង​ណាមួយ​គាត់​មាន​ជំងឺ​ក្នុង​ខ្លួន​ផង​គ្មាន​អ្នក​មើលថែរ​ដូច​ច្នេះ​ហើយ​បើកូនស្រី​បានទទួល​ដំណឹង​នេះហើយ​សូម​មក​ផ្ទះ​វិញ​មក​រូបគាត់​មិន​ប្រកាន់​ខឹង​អ្វី​នោះទេ​៕​

ស្ត្រី​ម្នាក់​និង​កូនស្រី​អាយុ​៨​ខែ បាត់​ពី​ផ្ទះ​មិនដឹង​មូលហេតុ​

ស្ត្រី​ម្នាក់​និង​កូនស្រី​អាយុ​៨​ខែ បាត់​ពី​ផ្ទះ​មិនដឹង​មូលហេតុ​