រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រៀម​បំបែក​សង្កាត់​ថ្មី​ចំនួន​៨​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាននិង​កំពុង​ត្រៀម​រៀបចំ​បំបែក​សង្កាត់​ចំនួន​៨ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ណា​ដែល​មាន​ផ្ទៃដី​ធំ និង​មាន​ប្រជាជន​ច្រើន​ជាងគេ សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ដល់​ការ​គ្រប់គ្រង​រដ្ឋបាល​,​ ងាយស្រួល​ផ្តល់​ការ​អភិវឌ្ឍ​ន៍​,​ ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​កៀក​កិត​នឹង​ប្រជាពលរដ្ឋ ។

គម្រោង​នេះ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញបើក​កិច្ចប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ ស្តី​ពី​សុំ​ណើ​រ​សុំ​គោល​ការ​ណ៍បង្កើត និង​កែសំរួល​ព្រំប្រទល់​ភូមិ​,​ បង្កើត​រដ្ឋបាល​សង្កាត់​ថ្មី​, ​កែសំរួល​រដ្ឋបាល​ខណ្ឌ និង​ព្រំប្រទល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយនឹង​ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃ​ទី​១​ធ្នូ ២០១៥ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ ។

យោង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៦ វិច្ឆិកា  ​២០១៥ គោរព​ជូន​សម្តេច​ក្រឡាហោម​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​សង្កាត់​ថ្មី​ចំនួន​៨​ដែល​ចាំបាច់​ត្រូវ​បំបែក​ជា​សង្កាត់​ថ្មី​នោះ មាន​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ សុំ​បំបែក​ជា​៣​សង្កាត់​,​ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ​សុំ​បំបែក​ជា​៣​សង្កាត់​,​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ​សុំ​បំបែក​ជា​៣​សង្កាត់​,​ សង្កាត់​កា​កាប សុំ​បំបែក​ជា​២​សង្កាត់​,​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​ សុំ​បំបែក​ជា​២​សង្កាត់​,​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សុំ​បំបែក​ជា​២​សង្កាត់​,​ សង្កាត់​ភ្នំពេញ​ថ្មី សុំ​បំបែក​ជា​២​សង្កាត់​, ​សង្កាត់​ទន្លេបា​សាក់ ខណ្ឌចំការមន​សុំ​បំបែក​ជា​២​សង្កាត់ ។ ក្នុង​លិខិត​នោះ​មានការ​កែសម្រួល​ព្រំប្រទល់​ភូមិ និង​ព្រំប្រទល់​ខេត្តកណ្តាល​ផង​ដែរ ។

លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសា​ស​ន៍​ថា​ ការ​បំបែក​រដ្ឋបាល​សង្កាត់​ថ្មី​នេះ​មិនមែន​ក្នុង​ហេតុផល​នយោបាយ​នោះ​ទេ គឺជា​ការ​ធ្វើ​ឲ្យប្រ​ព​ន្ធ័​គ្រប់គ្រង​រដ្ឋបាល​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​យើង​ក៏​មិន​ធ្វើ​តាម​អារ​ម្ម​ណ៍នោះ​ដែរ គឺ​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស​ច្បាស់លាស់ ។​

តែ​ទោះជា​យ៉ាងណា ការ​បំបែកសង្កាត់​ ឬ​កែសំរួល​រដ្ឋបាល​ភូមិ​នេះ​នៅ​ធ្វើការ​ពិភាក្សា​លំអិត​ជាក់ស្តែង​ថែម​ទៀត​ពី​ចំនួន​ដែល​ស្នើ​សុំបំបែក​នេះ ។ ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​១២​ខណ្ឌ​, ៩៦​សង្កាត់​,​ ភូមិ​ចំនួន​៩០៩​ភូមិ ប្រជាពលរដ្ឋ​រស់នៅ​អចិ​ន្ត្រៃ​យ៍ប្រមាណ​១​លាន​៦​សែន​នាក់​,​ អ្នក​រស់នៅចល័ត​ប្រមាណ​៨​សែន​នាក់ ហើយ​ការ​រៀបចំ​បំបែក​សង្កាត់​នេះ​ក៏​ត្រូវធ្វើ​ឡើង​ដោយ​មិន​ទាក់ទងនឹង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧​ខាង​មុខ​នោះ​ដែរ​៕ ​