លោក​​ សៀង ណាំ ជួប​ពិ​ភា​ក្សាការងារជា​មួយ​​​ម្ចាស់​ជំនួយ​មក​ពី​ជប៉ុន​

ខេត្តសៀមរាប ​៖ លោកឧកញ៉ា ​សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ ​ជួប​ពិ​ភា​ក្សា​​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត ​និង​ផ្តល់​អណ្តូងទឹក​ស្នប់​ជួន​ដល់​ប្រជាពលរដ្ឋ​ ជាមួយ​ប្រតិភូសមាគម​ ដេ​ន​គិ​រែង​ហ្គូ ស៊ី​ហ្សឺ​ការ មក​ពី​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​លោក យ៉ា​ម៉ា​មូ​តុ កា​ហ្សឺ​អា​គិ កាលពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សណ្ឋាគារស៊ី​ធីអង្គរ ​។

ក្នុង​ឱកាស​​នេះ​ដែរ លោកឧកញ៉ា សៀង ណាំ បាន​​ជម្រាប​​ជូន​គណៈប្រតិភូ ដែល​ជា​ម្ចាស់​ជំនួយ​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ទាំងអស់ រួម​ជាមួយ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​លើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅរបស់​ពួក​គាត់​ ។ លោកឧកញ៉ា ក៏​បាន​លើក​ឡើង អំពី​ការ​យកចិត្តទុកដាក់​របស់​លោក​ផ្ទាល់ ក្នុង​ការ​ផ្គត់ផ្គង់​ ​ការ​ផ្តល់​ជូន​​​អណ្តូង​ទឹក​ស្នប់ ​ការ​ជួសជុល​អណ្តូង​ទឹក​​ជូន​ប្រជាពលរដ្ឋ និង​ការ​យកចិត្តទុកដាក់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យល់​ដឹង​អំពី​អត្ថ​ប្រ​យោ​ជ​ន៏​ក្នុង​ការ​បរិភោគ​ទឹក​ស្អាត​ និង​យល់​ដឹង​ពីជំងឺ​ដែល​បង្ក​ឡើង​ដោយ​ការ​បរិភោគ​ទឹក​មិន​ស្អាត​ផង​ដែរ ​។

​ជាមួយ​នោះ​ដែរ ក្នុង​នាម​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​ លោក​ឧកញ៉ា សៀង ណាំ​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក យ៉ាម៉ា​មូ​តុ កា​ហ្សឺ​អា​គិ ព្រមទាំង​សមាជិក​សមាជិកា មក​ពីប្រទេស​ជប៉ុន​ទាំ​អស់​ដែល​បាន​ចំណាយ​ពេលវេលា​និង​ថវិកា ដើម្បី​យក​មក​ជួយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ។

លោក​ យ៉ា​ម៉ា​មូ​តុ កា​ហ្សឺ​អា​គិ ក៏​បានឱ្យ​ដឹង​ដែរ​ថា លោក​បាន​មក​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១១ ហើយ​ជា​រៀង​រាល់​ឆ្នាំ លោកតែងតែ​មក​កម្សាន្ត​ ​និង​ឧ​បត្ថ​ម្ភ​អណ្តូង​ទឹក​ដល់​ប្រជា​ពល​រដ្ឋ​​ក្នុង​ខេត្តសៀមរាប រហូត​មក​ដល់​ឆ្នាំ​២០១៥​នេះ​ ។​ ចំណែកក្រុមការងារ​របស់​លោក ក៏​បាន​ជួយ​ឧបត្ថម្ភ​អណ្តូង​បាន​១៣៣​អណ្តូង​ហើយ​ ។​ អណ្តូង​ទាំងនោះ​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​​​ស្រុកចំនួន​៣ ​ក្នុង​នោះ​មាន ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ស្រុក​សូទ្រនិគម​ ។ ដោយឡែក​ឆ្នាំ​នេះ​ មាន អណ្តូង​​​ទឹក​​ចំនួន​២០​អណ្តូង រួច​ធ្វើការ​ប្រគល់​ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង ឃុំ​ប​ល្ល័​ង្ក ស្រុក​ប្រាសាទបាគង ​​។ លោក​បន្ត​​ថា លោក​នឹង​ខិត​ខំ​ស្វែងរក​ជំនួយ​យក​មក​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ជា​បន្តបន្ទាប់​​នៅ​ឆ្នាំ​ក្រោយ​ៗទៀត ៕​​