ក្រុម​អ្នក​ភូមិ​សុំ​ដក​មន្ត្រី​មូលដ្ឋាន​ចេញ

ពីរ​សប្តាហ៍​បន្ទាប់ពី​អាជ្ញាធរ​បាន​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ពេល​ដែល​ពួកគេ​តវ៉ា​នៅ​មុខ​ការិយាល័យ​ស្រុក​រុក្ខគិរី អ្នក​ភូមិ​ប្រហែល​២០០នាក់​បាន​នាំ​យក​សាទុក្ខ​របស់​ពួកគេ​មក​អភិបាល​ខេត្ត​កាលពី​ថ្ងៃច័ន្ទ។

អ្នក​ភូមិ​ទាំង​នោះ​កំពុង​ទាមទារ​ឲ្យ​ដក​មន្ត្រី​មូលដ្ឋាន​ពីរ​នាក់ និង​ប្រធាន​សហគមន៍​ម្នាក់ ដែល​ពួកគេ​ចោទ​ថា បាន​រួម​គំនិត​ជាមួយ​ពួក​ឈ្មួញ​ឈើ​ដើម្បី​កាប់​ព្រៃ​សហគមន៍​របស់​ពួកគាត់​ដោយ​ខុសច្បាប់។ ពួកគេ​ក៏​ចង់​ប្រើ​តំបន់​ដី​ព្រៃ​មួយ​ផ្នែក​ដើម្បី​ដាំ​ដំឡូងមី​ផង​ដែរ។

ក្រុមនេះ​បាន​ចាកចេញ​ពី​ឃុំ​ស្តុក​ប្រវឹក នៅ​ម៉ោង​ប្រហែល​៦ព្រឹក ហើយ​ត្រូវ​ប៉ូលិស​ស្កាត់ផ្លូវ​ពីរ​ដង​ក្នុង​ពេល​ធ្វើ​ដំណើរ នៅ​ទី​បញ្ចប់​ពួកគេ​បាន​មកដល់​សាលាខេត្ត​ក្នុង​ក្រុង​បាត់ដំបង នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃ។

លោក ចិត្រ វណ្ណី ស្នងការ​រង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ឃាត់​ពួកគេ​នៅ​តាម​ផ្លូវ​ដើម្បី​ឆែក​រក​លិខិត​អនុញ្ញាត ពីព្រោះ​យើង​បារម្ភ​ថា ពួកគេ​អាច​បង្ក​អំពើ​ហិង្សា។ ក្រោយពី​យើង​បាន​សួរ​ពួកគេ យើង​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ដំណើរ”។

លោក ចាន់ សុផល អភិបាល​ខេត្ត បាន​ជួប​ជាមួយ​តំណាង​បី​នាក់​របស់​ក្រុម​អ្នក​ភូមិ​នៅ​ការិយាល័យ​របស់​លោក និង​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ពួកគេ ដែល​បាន​អំពាវនាវ​ឲ្យ​ដក​ប្រធាន​ផ្នែក​ជលផល យូ បញ្ញវន្ត មេឃុំ អ៊ូ អៀង ប្រធាន​សហគមន៍​របស់​ពួកគេ​ផ្ទាល់​ឈ្មោះ អ៊ុន អឿង។

ក្រុម​អ្នក​ភូមិ​បាន​បន្ទោស​មន្ត្រី​បី​នាក់​នេះ​ ថា​បាន​បណ្តោយ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ស្រេច​តែ​ចិត្ត​ក្នុង​ព្រៃ​សហគមន៍​តាអឿនទំហំ​១.៣២៤ហិកតា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​កសិកម្ម​ក្នុង​ឆ្នាំ​២០០២ និង​បម្រុង​ទុក​ប្រើ​ជា​ប្រភព​អាហារ​សម្រាប់​ប្រជាពលរដ្ឋ​២៥០​គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ។

កាលពី​ខែមុន នៅ​ពេល​ដែល​អ្នកភូមិ​ប្រហែល​១០០នាក់​បាន​បិទ​ផ្លូវ​នៅ​ក្រៅ​ការិយាល័យ​ស្រុក​ដើម្បី​ទាមទារ​ឲ្យ​ដក​លោក បញ្ញាវន្ត អាជ្ញាធរ​បាន​ដុត​បំផ្លាញ​ផ្ទះ​បួន​ខ្នង និង​កម្ទេច​ជម្រក​តូចៗ​៣៥​កន្លែង​ដោយ​រណារ ព្រោះ​ពួកគេ​បាន​និយាយ​ថា សំណង់​ទាំង​នោះ​សង់​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃ​ការពារ។

លោក ព្រំ ពត់ តំណាង​ម្នាក់​ដែល​បាន​ជួប​ជាមួយ​លោក​អភិបាល​ខេត្ត​កាលពី​ថ្ងៃ​ច័ន្ទ បាន​និយាយ​ថា ក្រុម​មន្ត្រី​មូលដ្ឋាន​និង​អ្នក​តំណាង​ឲ្យ​សហគមន៍ មិនបាន​ប្រឹង​ប្រែង​ដើម្បី​ការពារ​ព្រៃ​នេះ​ទេ។

គាត់​បាន​និយាយ​ថា “ផ្ទុយ​ទៅវិញ ពួកគេ​បាន​រួម​គំនិត​ជាមួយ​ពួក​ឈ្មួញ​កាប់​ផ្តួល​ដើម​ឈើ និង​លក់​ដី​ព្រៃ​សហគមន៍ ហើយ​បន្ទាប់​មក​ចែក​លុយ​គ្នា”។

លោក អៀង ជា​មេឃុំ បាន​បដិសេធ​ថា មិន​បាន​ធ្វើ​ខុស​ទេ និង​បាន​អះអាង​ថា អ្នក​ភូមិ​ចង់​ឲ្យ​គេ​ដក​គាត់​ចេញ ពីព្រោះ​គាត់​បាន​រារាំង​ពួកគេ​មិន​ឲ្យ​ឆ្ការព្រៃ​ដើម្បី​ប្រើ​ជា​ដី​កសិកដ្ឋាន។

លោក​បាន​និយាយ​ថា “ពួកគេ​ចង់​ដក​ខ្ញុំ​ពី​តំណែង​របស់ខ្ញុំ ពីព្រោះ​យើង​មិន​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​កាប់​ឆ្ការ​ដី​ព្រៃ​សហគមន៍”។

លោក បញ្ញាវន្ត និង​លោក អឿង មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ៕និត

 

The post ក្រុម​អ្នក​ភូមិ​សុំ​ដក​មន្ត្រី​មូលដ្ឋាន​ចេញ appeared first on ខេមបូឌា ដេលី.