អ្នកសារព័ត៌មាន​ម្នាក់​ត្រូវ​ក្រុម​ឈ្មួញ​ឈើ​ព្រួត​វាយ​រងរបួស​ធ្ងន់

ខេត្តកំពង់ធំ​៖​អ្នកយកព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៨​ម្នាក់​រង​នូវ​ការវាយប្រហារ​ពី ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង ៣០​នាទី​ទៀបភ្លឺ ឈាន​ចូលដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ក្រយារ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។

​    ​អ្នកសារព័ត៌មាន​ដែល​រង​ការវាយប្រហារ​ពី​ឈ្មួញ​ឈើ​ទុច្ចរិត​នេះ​ឈ្មោះ ម៉ា ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ជា​អ្នកយកព័ត៌មាន​ទូរទស្សន៍ លេខ​៨ ប្រចាំខេត្ត​កំពង់ធំ​។ ចំណែក​ជនបង្ក​របួស​ស្នាម​ឈ្មោះ ប៉ុ​ស ពឿ​ន ជា​ឈ្មួញ​ឈើ​ខុសច្បាប់ និង​កម្មករ​របស់គេ​៣ នាក់​ទៀត​។

​    ​លោក ម៉ា ណា​រិ​ទ្ធ បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅវេលា​ខាងលើ​គាត់​បាន​ទៅយក​ព័ត៌មាន ទាក់ទង​រថយន្ត​ធុន​ធំ​ដឹកឈើ​ចេញពី​ទំរីង​មក ប៉ុន្តែ​នៅពេល​គាត់​ទៅ​កន្លែងកើតហេតុ​ខាងលើ​ក៏​ប្រទះឃើញ​រថយន្ត​ម៉ាក​កូរ៉េ ចំណុះ​៥​តោន​៣​គ្រឿង ដឹកឈើ​ប្រមាណ​២០​ម៉ែត្រ​គីប ហើយ​ភ្លាមៗ នោះ​គាត់​ក៏​ថត​រូបភាព ស្រាប់តែ​ឈ្មួញ​ឈើ​ដែល​គេ​ស្គាល់ឈ្មោះ ប៉ុ​ស ពឿ​ន រួមទាំង​កម្មករ ៣​នាក់​ទៀត ប្រដាប់​ដោយ​ដំបង​បានមក​វាយ​គាត់​កំពុង​អង្គុយ​លើ​ម៉ូតូ​តែម្ដង បណ្ដាល​ឲ្យ​បែកក្បាល និង​បែក​កែងដៃ ហើយ​គាត់​ក៏​រត់គេចខ្លួន ប៉ុន្តែ​ក៏ត្រូវ​ក្រុម​ឈ្មួញ​ទុច្ចរិត ដេញ​ប្រផាប់​ប្រ​ភីង ពីក្រោយ​ទៀត​។

​    ​លោក ម៉ា ណា​រិ​ទ្ធ អះអាងថា ជាមួយគ្នា​នោះ​ក៏មាន​ឈ្មោះ ឆេង ស្រៀ​ង ជា​មន្ត្រី​ប៉េ​អិ​ម​បើករថយន្ត ម៉ាក​តា​កូ​ម៉ា​កាង ពាក់​ស្លាក​លេខ​PP 2F 93 31 កាង​បទល្មើស​នេះ​ផងដែរ​។

​    ​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មោះ ប៉ុ​ស ពឿ​ន ឈ្មួញ​ឈើ ធ្វើ​សកម្មភាព​ជួញដូរ​ឈើ​នេះ​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​របស់ រដ្ឋសភាជាតិ​មក អួតអាង ហើយ​បាន​បង់លុយ​បង់​កាក់​ឲ្យ​គ្រប់​សមត្ថកិច្ច​ទាំងអស់​ដូច្នេះហើយ​ទើប​គេ រកស៊ី​ដោយ​សុខ​ស្រួល ។

​    ​ប្រជាពលរដ្ឋ​និយាយថា ឈ្មោះ ប៉ុ​ស ពឿ​ន នេះ ជា​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​យូរ​មកហើយ ដោយ​គ្មាន​ឃើញ​សមត្ថកិច្ច​ខាង​ណា​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ហើយ​ឈ្មួញ​រូបនេះ​មាន ចរិត​កោងកាច និង​ព្រហើន​ទៀតផង​។ ទាក់ទង​ករណី​ខាងលើនេះ​ឈ្មោះ ប៉ុ​ស ពឿ​ន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ឈ្មោះ ម៉ា ណា​រិ​ទ្ធ ទូរទស្សន៍​លេខ​៨​មែន ដោយសារតែ​ខឹង​ឈ្មោះ ម៉ា ណា​រិ​ទ្ធ ឈរ​នៅ​ចំពោះមុខ​គាត់​។

​    ​ក្រុម អ្នកសារព័ត៌មាន​ប្រចាំខេត្ត​កំពង់ធំ បានប្រកាស​ថ្កោលទោស​យ៉ាង​ដាច់​ហ​ង្កា​ចំពោះ​អំពើ​វាយប្រហារ​មកលើ អ្នកសារព័ត៌មាន​ដែល​បាននិងកំពុង​បំពេញភារកិច្ច​តាម​វិជ្ជា​ជី​វះ ហើយ​អំពាវនាវ​ដល់​សមត្ថកិច្ច​គ្រប់​ថ្នាក់​ស្រាវជ្រាវ​រក​ការពិត​ដើម្បី នាំយក​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់​៕

អ្នកសារព័ត៌មាន​ម្នាក់​ត្រូវ​ក្រុម​ឈ្មួញ​ឈើ​ព្រួត​វាយ​រងរបួស​ធ្ងន់