លោក ម៉ម សូណង់ដូ បង្ហាញផលវិជ្ជមាន ក្រោយសមាជិក CNRP ចុះចូលជាមួយខ្លួន

ភ្នំពេញ៖ ប្រធានគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥នេះ បានបង្ហាញសញ្ញាវិជ្ជមាន សម្រាប់គណបក្សរបស់លោក ក្រោយពីសមាជិករបស់គណបក្សសង្រ្គោះជាតិ តាមបណ្តាខេត្តមួយចំនួន បានមករួមរស់នៅក្រោមដំបូលតែមួយ ជាមួយគណបក្សដែលទើបតែបង្កើតថ្មីមួយនេះ។

លោកមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានថា បន្ទាប់ពីលោកបានចុះបំពេញបេសកកម្ម ដោយបានជួបផ្ទាល់ជាមួយអ្នកគាំទ្រ បានធ្វើឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបង មករួមរស់ចំនួន៤៥០នាក់ ចំណែកនៅខេត្តបន្ទាយមានជ័យ ចំនួន៣៥០នាក់។
ប៉ុន្តែទោះបីជាយ៉ាងណាលោកបញ្ជាក់ថា ពួកគេមិនទាន់មកទាំងអស់ភ្លាមៗនោះទេ គឺមកជាបណ្តើរៗ។
លោកបន្តថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ តំណាងរបស់គណបក្សសង្រ្គោះជាតិ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន អំពីការចាកចេញពីទ្រនំចាស់របស់ខ្លួន។

លោក ម៉ម សូណង់ដូ បានថ្លែងអះអាងថា ជម្រើសចុងក្រោយរបស់ប្រជាពលរដ្ឋ គឺរូបលោក ដោយសារតែលោក សម រង្ស៊ី និងលោក កឹម សុខា លេងល្បែងនយោបាយ រហូតដល់ធ្វើឲ្យប្រជាពលរដ្ឋ ដែលចង់ឲ្យមានការផ្លាស់ប្តូរ របត់សង្គមកម្ពុជា អស់ជំនឿទុកចិត្តមកលើពួកគាត់។

លោកបញ្ជាក់ថា “មូលហេតុដែលខ្ញុំបង្កើតគណបក្សនេះ មិនមែនដើម្បីជាការរកស៊ីនោះទេ គឺដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ សព្វថ្ងៃនេះ  អ្នកនយោបាយដែលស្ថិតនៅក្នុងសតិអារម្មណ៍របស់ប្រជាពលរដ្ឋ គឺមាន ម៉ម សូណង់ដូ សម រង្ស៊ី និងកឹម សុខា ប៉ុន្តែលោកទាំងពីរនេះ ធ្វើនយោបាយភរភូតបោកប្រាស់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ខកចិត្ត មិនអាចទុកចិត្តតទៅទៀតបាន”។

សូមបញ្ជាក់ថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសបង្កើតជាផ្លូវការ កាលថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ២០១៥ ក្នុងនោះ លោក ម៉ម សូណង់ដូ ធ្វើជាប្រធានបក្ស និងអនុប្រធានបក្សពីររូបទៀត គឺលោក ហ៊ាង រិទ្ធី និងលោក ហារី សំអាត ប៉ុន្តែបន្ទាប់ពីបង្កើតបាន ជាង១ខែបក្សថ្មីនេះ មានភាពរង្គោះរង្គើដោយសារលោក ហ៊ាង រិទ្ធី អនុប្រធានបានដាក់ពាក្យបណ្តឹង សុំរំលាយបក្សចោល៕

លោក ម៉ម សូណង់ដូ បង្ហាញផលវិជ្ជមាន ក្រោយសមាជិក CNRP ចុះចូលជាមួយខ្លួន