CNRP សោកស្ដាយ ដីកាចាប់ខ្លួន ជំនួយការ លោក ហុង សុខហួរ និងអ្នកកាន់ page Facebook លោក សម រង្ស៊ី

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ (CNRP) នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ បានសម្តែងការមិនពេញចិត្ត និងមានការសោកស្ដាយជាពន់ពេក ក្រោយពីទទួលបានព័ត៌មានថា តុលាការបានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនជំនួយការ លោក ហុង សុខហួរ និងអ្នកកាន់ page Facebook របស់លោក សម រង្ស៊ី។

ដីការបស់សាលាដំបូងរាជធានី បង្គាប់ឲ្យចាប់ខ្លួនអ្នកទាំងពីរនេះ ជាប់ទាក់ទងទៅនឹងការផ្សំគំនិត ក្នុងករណីក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

បើយោងតាមសំដីរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា «យើងមានការសោកស្ដាយ  ពីព្រោះរឿងនេះយើងចង់ឲ្យមានដំណោះស្រាយ ដោយសន្ដិវិធីតាមផ្លូវច្បាប់»។

សូមបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍សមត្ថកិច្ចចាប់ខ្លួន លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបង្ហោះ និងធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ខុសពីការពិតនោះ ជនសង្ស័យទាំងពីររូបខាងលើ ក៏បានរត់គេចខ្លួនទៅក្រៅប្រទេសផងដែរ៕

CNRP សោកស្ដាយ ដីកាចាប់ខ្លួន ជំនួយការ លោក ហុង សុខហួរ និងអ្នកកាន់ page Facebook លោក សម រង្ស៊ី