អស់​រយៈ​ពេល​៧​ឆ្នាំ​ ទីបំផុត JYJ អាច​ចេញ​តាម​ទូរទស្សន៍​វិញ​ហើយ


អស់​រយៈ​ពេល​៧​ឆ្នាំ​ ទីបំផុត JYJ អាច​ចេញ​តាម​ទូរទស្សន៍​វិញ​ហើយ

ក្រោយ​ការ​អនុម័ត​​ច្បាប់​ថ្មី​ដែល​ហាម​ប្រាម​ស្ថានីយ​ទូរទស្សន៍​មិន​ឲ្យ​បិទ​សិទ្ធិ​តារា​ក្នុង​ការ​​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍ ​ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់ ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង JYJ នៅ​ពេល​នេះ​អាច​មាន​សិទ្ធ​​បង្ហាញ​វត្តមាន​នៅ​ក្នុង​កម្មវិធី​ចម្រៀង​ក៏​ដូច​កម្មវិធី​​កម្សាន្ត​ផ្សេង​ៗ​​វិញ​ហើយ។

 

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា គណៈកម្មការ​ទំនាក់ទំនង​និង​បទដ្ឋាន​របស់​កូរ៉េ​ខាង​ត្បូង រួម​ជា​មួយ​នឹង សម្ព័ន្ធ​ភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នយោបាយ​ថ្មី បាន​​បើក​អង្គ​ប្រជុំ​មួយ​ដែល​មាន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​បញ្ហា​ហាម​តារា​មិន​ឲ្យ​បង្ហាញ​​មុខ​តាម​ទូរទស្សន៍។

 

អស់​រយៈ​ពេល​៧​ឆ្នាំ​ ទីបំផុត JYJ អាច​ចេញ​តាម​ទូរទស្សន៍​វិញ​ហើយ
 

ស្រប​ជាមួយ​នឹង​ការ​ដាក់​ឲ្យ​ប្រើ​ច្បាប់​មួយ​នេះ ស្ថានីយ​ទូរទស្សន៍​​ទាំង​ឡាយ​គឺ​ត្រូវ​ហាម​មិន​ឲ្យ​បិទ​សិទ្ធិ​ក្នុង​ការ​បង្ហាញ​មុខ​របស់​តារា​ណាមួយ ដោយ​សារ​មាន​ការ​សំណូមពរ​ពី​ភាគី​ទី​៣ ឬ​ដោយ​​ហេតុផល​មិន​ច្បាស់​លាស់​ណា​មួយ​ ដែល​មិន​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​កម្មវិធី​។ ប្រសិន​បើ​ក្រុមហ៊ុន​មួយ​ណា​ហ៊ាន​ល្មើស​ច្បាប់​មួយ​នេះ ពួក​គេ​នឹង​ត្រូវ​ផាក​ពិន័យ ២% លើ​ចំនួន​លក់​ចេញ​សរុប​របស់​ក្រុមហ៊ុន។

 

C-JeS Entertainment តំណាង​ក្រុមហ៊ុន​របស់ JYJ បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា៖ “ពួក​យើង​បាន​តទល់​ជាមួយ​នឹង​រឿង​អយុត្តិធម៌​មួយ​នេះ​អស់​រយៈ​ពេល ៧ ឆ្នាំ​មក​ហើយ។ ហើយ​យើង​ខ្ញុំ​សូម​បង្ហាញ​ពី​អារម្មណ៍​ដឹង​គុណ ដែល​មាន​អ្នក​ដទៃ​ទៀត​រួម​ដៃ​គ្នា​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​មិន​គប្បី​ទាំង​នេះ។ ពួក​ខ្ញុំ​សង្ឃឹម​ថា ជាមួយ​នឹង​សកម្មភាព​នេះ ភាព​អយុត្តិធម៌​ទាំង​ឡាយ​នឹង​គ្មាន​ត​ទៅ​ទៀត​នៅ​ក្នុង​វិស័យ​សិល្បៈ”។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា JYJ គឺ​ជា​ក្រុម​តូច​ដែល​បាន​បែក​ចេញ​ពី​ក្រុម TVXQ ដែល​មាន​សមាជិក​ដំបូង ៥ នាក់។ នៅ​ឆ្នាំ ២០០៩ សមាជិក​បី​រូប​របស់ JYJ នៅ​ពេល​បច្ចុប្បន្ន​រួម​មាន Jae Joong, Yoo Chunនិង Junsu បាន​ដាក់​ពាក្យ​​ប្ដឹង​​បញ្ចប់​កុងត្រា​​ជាមួយ​ផលិតកម្ម SM Entertainment ដោយ​ប្រាប់​មូលហេតុ​ថា​កុងត្រា​រយៈ​ពេល ១៣ ឆ្នាំ​នោះ​គឺ​វែង​ពេក។ ចាប់​ពី​ពេល​នោះ​មក JYJ មិនអាច​​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ចម្រៀង​ក៏​ដូច​ជា​កម្មវិធី​​កម្សាន្ត​ណា​ទាំង​អស់ ដោយ​មូលហេតុ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ផលិតកម្ម SM គឺ​នៅ​ពី​ក្រោយ​បញ្ហា​នេះ ៕

 

ចុចអាន៖តារា Kpop សម្រុក​ទៅ​ព្រលាន​យន្តហោះ​ដើម្បី​ធ្វើ​ដំណើរ​ចូល​រួម MAMA

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖soompi