អត្តពលិកហែលទឹក១២៣នាក់ កំពុងប្រជែងគ្នា នៅខេត្តកំពង់ចាម

កីឡាករ កីឡាការិនី​ហែល​ទឹកកម្ពុជា​​ចំនួន​១២៣​នាក់ មក​ពី​ទូទាំង​ប្រទេស​កម្ពុជា កំពុង​ធ្វើ​ការ​ប្រកួត​ប្រជែង​គ្នា ក្នុង​​ការប្រកួត​​កីឡាហែលទឹក​ដណ្ដើមពាន​រង្វាន់​តេ​ជោ​សែន ដើម្បី​សម្ពោធ​​មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​តេជោ​សែន ដែល​ទើប​តែ​សាង​សង់​រួច​រាល់​នៅ​ទី​នោះ។
mm1
mm2
បើ​តាម​លោក​ ហែម គី​រី ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា ​បាន​ឲ្យ​ដឹងថា​អត្ត​ពលិក​ទាំង​១២៣​នាក់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​​កីឡាហែលទឹក​ដណ្ដើមពាន​រង្វាន់សម្តេច​​តេ​ជោ​សែននេះ នឹង​ត្រូវ​ប្រកួតគ្នា​នៅ​​លើ​វិញ្ញាសា​ចំនួន​២៨ ដោយ​មាន​រយៈ​ពេល​២​ថ្ងៃ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ​នេះ និង​បញ្ចប់​នៅ​ថ្ងៃ​ពុធ។

លោក​បាន​បបន្ត​ថា ការ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ​ឡើង ដើម្បី​អបអរ​​ក្នុង​ពិធី​សម្ពោធ​​ មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​តេជោ​សែន ហើយ​នៅ​ថ្ងៃ​បញ្ចប់​​ការ​ប្រកួត នា​ថ្ងៃ​ពុធ​នោះ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នឹង​អញ្ជើញ​ចូលរួម​ទស្សនា​ ព្រមទាំង​កាត់​ខ្សែបូរ​បើក​ឲ្យ​ប្រើប្រាស់​ មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​តេជោ​សែន ជា​ផ្លូវការ​តែ​ម្តង។​
mm4
គួរ​បញ្ជាក់​ថា មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​តេជោ​សែន បាន​សាង​សង់​ឡើង​​តាម​បែប​ស្តង់​ដារ​សុទ្ធ​សាធ ដែល​បាន​ចំណាយ​ថវិកា​អស់​១​លាន៨​សែន​ដុល្លារ​ ហើយ​មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​នេះ មាន​ទាំង​អាង​សម្រាប់​លោត អាង​សម្រាប់​ហែល និង​អាង​សម្រាប់​កំដៅ​សាច់ដុំ​ រួម​ទាំង​កន្លែង​សម្រាប់​អង្គុយ​ទស្សនា​ផង​នោះ៕
mm6

រូប​ថត ហែម គីរី